បរទេស៖ ការផ្ទុះដ៏ធំមួយបានហែកហួរកំពង់ផែពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដោយបង្កឱ្យមានការឆាបឆេះដ៏ធំមួយដោយមនុស្ស ១៤ នាក់បានស្លាប់ និង ៧៥០ នាក់បានរងរបួសរហូតមកដល់ពេលនេះ។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្ទុះដែលមិនស្គាល់ប្រភព បានកើតឡើងនៅកំពង់ផែ Shahid Rajaee នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz ដែល 1/5 នៃទិន្នផលប្រេងពិភពលោកឆ្លងកាត់។
ទូរទស្សន៍រដ្ឋបានផ្សាយថា ជាមួយនឹងផ្សែងដែលហុយពេញតំបន់នោះ សាលារៀន និងការិយាល័យទាំងអស់ដែលមានចម្ងាយ ២៣ គីឡូម៉ែត្រ នៅឆ្ងាយពីទីក្រុង Bandar Abbas រដ្ឋធានីនៃខេត្ត Hormozgan ត្រូវបានបញ្ជាឱ្យបិទកាលពីថ្ងៃអាទិត្យ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរផ្តោតលើកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់។
រដ្ឋមន្ត្រីមហាផ្ទៃ Eskandar Momeni បាននិយាយនៅលើ Telegram កាលពីព្រឹកថ្ងៃអាទិត្យថា មានអ្នកស្លាប់ចំនួន ១៤ នាក់ និង ៧៥០ នាក់ទៀតរងរបួសនៅក្នុងការផ្ទុះនេះ។
ទោះបីជាមូលហេតុនៃការផ្ទុះនេះមិនត្រូវបានគេដឹងច្បាស់ភ្លាមៗក៏ដោយ ការិយាល័យគយរបស់កំពង់ផែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋថា វាប្រហែលជាបណ្តាលមកពីអគ្គីភ័យដែលបានឆាបឆេះនៅឃ្លាំងផ្ទុកសារធាតុគ្រោះថ្នាក់ និងសារធាតុគីមី៕
ប្រែប្រួលៈ ណៃ តុលា
