ភ្នំពេញ ៖ ផ្លូវជាតិ ៣ខ្សែ ប្រវែងសរុប ២០១,៣៦៥គីឡូម៉ែត្រ នៅភាគនិរតីនៃប្រទេស ដែលបានសាងសង់រួចរាល់ជាស្ថាពរ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖ ១/ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩គីឡូម៉ែត្រ ចាប់ពីចំណុចបែកគុស(ផ្លូវជាតិលេខ៣)ដល់កំពង់ត្រាច(ផ្លូវជាតិលេខ៣៣)ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ២/ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប ៥២,៥៧៧គីឡូម៉ែត្រ ចាប់ពីខេត្តកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣)ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម)ជាប្រភេទបេតុងកៅស៊ូA C(កម្រាស់៧សង់ទីម៉ែត្រ) ទទឹង១២ម៉ែត្រ និង៣/ ផ្លូវជាតិលេខ៤១ ប្រវែងសរុប៩៥,២៦៩គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤)ដល់ជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៥ ស.ម) ទទឹង១១ម៉ែត្រ។
បើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ នាថ្ងៃ២៨ មេសា គម្រោងដ៏ធំនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបច្ចុប្បន្នកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
គួរបញ្ជាក់ថា ផ្លូវជាតិទាំង៣ខ្សែនេះ គឺជាផ្លូវមួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ក្នុងការជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗជាអាទិ៍រួមមាន៖ ការដឹកជញ្ជូន,ការធ្វើដំណើរ,ទេសចរណ៍, កសិកម្ម, ភស្តុភារកម្ម និងវិស័យកំពង់ផែមាត់សមុទ្រភាគនិរិតី ៕


