បរទេស៖យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន ស្រាវជ្រាវសន្តិភាពអន្តរជាតិនៅទីក្រុង Stockholm ហៅកាត់ថាSIPRI បានឱ្យដឹងថា ការចំណាយលើផ្នែកយោធាសកលបានកើនឡើងច្រើនជាងឆ្នាំណាទាំងអស់កាលពីឆ្នាំ២០២៤ ពោលគឺជាងពេលណាទាំងអស់ចាប់តាំងពីសង្គ្រាមត្រជាក់។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានកត់សម្គាល់កំណើនយ៉ាងឆាប់រហ័សជាពិសេសនៅក្នុងទ្វីបអឺរ៉ុប និងមជ្ឈិមបូព៌ា។យោងតាមរបាយការណ៍បានឱ្យដឹងថា ការចំណាយសរុបបានឡើងទៅដល់២,៧ទ្រីលានដុល្លារ ដែលនេះជាការកើនឡើងប្រចាំឆ្នាំដ៏ខ្លាំងបំផុតក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក។
របាយការណ៍ដោយSIPRI បានសរសេរថា ប្រទេសជាង១០០ ជុំវិញពិភពលោកបានបង្កើនការចំណាយយោធារបស់ពួកគេនៅឆ្នាំ២០២៤ ដោយបន្ថែមថា រដ្ឋាភិបាលត្រូវបាន បង្កើនអាទិភាពសន្តិសុខយោធាជាញឹកញាប់និងដោយចំណាយលើសពីផ្នែកថវិកាជាតិផ្សេងទៀត។
ក្នុងនោះផងដែរយោងតាមរបាយការណ៍បានឱ្យដឹងថា អ៊ុយក្រែនមាន បន្ទុកយោធាដ៏ធំបំផុត នៅទូទាំងពិភពលោក ជាមួយនឹងការចំណាយកើនឡើងដល់ជិត៦៥ពាន់លានដុល្លារ ស្មើនឹង ៣៤ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។
គួរឲ្យដឹងដែរថាការចំណាយផ្នែកយោធានៅអឺរ៉ុប រួមទាំងរុស្ស៊ី បានកើនឡើងដល់ជិត៧០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដែលធ្វើឲ្យទ្វីបនេះក្លាយជា អ្នករួមចំណែកដ៏សំខាន់ ដល់ការកើនឡើងជាសកលហើយ ប្រទេសជាច្រើនដូចជានៅអឺរ៉ុបកណ្តាល និងខាងលិចបានបង្ហោះការកើនឡើងដែលមិនធ្លាប់មានពីមុនមក ដោយការចំណាយរបស់អាល្លឺម៉ង់បានកើនឡើង២៨ភាគរយទៅដល់ជាង៨៨ពាន់លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី
