ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យអភិបាលខេត្ត ឈប់ប្រើពាក្យ«បានអ្វីមកខ្ញុំ» មកជា«បានអ្វីមកខេត្តខ្ញុំ» ពេលមានវិនិយោគិន​ ចង់វិនិយោគនៅក្នុងខេត្តរបស់ខ្លួន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យអភិបាលខេត្ត ឬអភិបាលស្រុកទាំងអស់ ត្រូវផ្លាស់ប្តូរ និយមន័យចេញ នៅពេលដែលមានវិនិយោគិន ចង់មកវិនិយោគក្នុងខេត្តស្រុករបស់ខ្លួន កុំសួរថា«បានអ្វីមកខ្ញុំ» (ខ្លួនឯង) ត្រូវសួរថា «បានអ្វីមកខេត្តរបស់ខ្ញុំ»វិញ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ​ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ​ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បន្ទាប់ពីមានផ្លូវហើយ អភិបាល ខេត្តទាំងអស់ គួរណាត្រូវធ្វើយ៉ាងណា ទាញយក​ ចំណាប់អារម្មណ៍ ពីវិនិយោគិន ឱ្យមកវិនិយោគ ក្នុងខេត្តរបស់ខ្លួន​ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជាឧត្តមប្រយោជន៍ និងកំណើនសេដ្ឋកិច្ច ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

​ក្នុងនោះសម្តេចធិបតី បានធ្វើការណែនាំ ដល់បណ្តាខេត្តស្រុកពាក់ព័ន្ធ គួរមានការលើកទឹកចិត្ត​​ ក្នុងកម្រិតណាមួយ​ ដែលអាចធ្វើទៅបានដល់វិនិយោគិន ដែលចង់មកវិនិយោគនៅក្នុងខេត្ត ស្រុករបស់ខ្លួន តួយ៉ាងខេត្តតាកែវ សម្បូរទៅដោយពងទាកូន អាចមានការ ឧបត្ថម្ភពងទាកូន​ ទៅកាន់វិនិយោគិន ក្នុងចំនួនណាមួយ ដែលជាការលើកទឹកចិត្តបន្ថែម នេះជាឧទាហរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ត្រូវគិតអញ្ចេះ អ្វីដែលយើងឃើញហើយ ថាតើវាអាចទាញស្អីឱ្យយើង សូមកុំនិយាយថា តើវាទាញស្អីឱ្យខ្ញុំ ដូរនិយមន័យ អំពី«ខ្ញុំ» ទៅ«ខេត្តខ្ញុំ» កុំឃើញគេមក ថាតើខ្ញុំបានអ្វីជាផ្ទាល់ខ្លួន ត្រូវថាតើខេត្តខ្ញុំប្រជាជនខ្ញុំនៅភូមិនេះ បានអ្វីឱ្យច្រើន ទើបយើងដាក់ទិសដៅនេះ បម្រើសេវាបានល្អ ហើយបើយើងបានសុខ ភូមិយើងបានរីកហើយ យើងខ្លួនឯង គ្រួសារយើងក៏បានផលដែរ តែបើមិនស្រួលយើងដាក់អ្វីមកខ្លួនយើង គ្រួសារយើងមុន ជួនកាលគេអត់នៅទេគេរត់អស់ អត់ទាំងអស់គ្នា” ។

បន្ថែមលើនេះ សម្តេចធិបតី ណែនាំបន្ថែមថា កាលណាបើមានសេវាល្អ ធ្វើឱ្យគាប់ចិត្តដល់វិនិយោគិនហើយនោះ នឹងនាំមកនូវផលប្រយោជន៍ និងការរីកចម្រើនទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋ ក្នុងមូលដ្ឋានតែម្តង៕

To Top