ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា និងអគ្គបញ្ជាការដ្នាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនកងទ័ពខ្មែរ ចូលរួមក្នុងពិធីដង្ហែក្បួនព្យុះហយាត្រា ថ្នាក់ជាតិ ដ៏មហិមារ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅព្រឹកថ្ងៃ៣០ មេសានេះ ដើម្បីចូលរួមអបអរសាទរពិធី ខួបលើកទី៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងវៀតណាម ឯកភាពទឹកដី នៃសាធារណរដ្នសង្គម និយមវៀតណាម (៣០មេសាឆ្នាំ១៩៧៥-៣០មេសាឆ្នាំ២០២៥) ។

បើតាមហ្វេសប៊ុករបស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារ ការចូលរួមព្រឹត្តិការណ៍មហិមារនេះ ជាកិត្តិយសដ៍ធំធេង របស់ប្រជាជនកម្ពុជា ហើយក៏ជាសារមួយ ដើម្បីបង្ហាញឱ្យពិភពលោក ឃើញច្បាស់ អំពីការរីកចម្រើនខ្លាំងក្លា របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបញ្ជាក់អំពីចំណង ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម និយាយរួម រវាងកងទ័ពនៃប្រទេសទាំងពីរ និយាយដោយឡែក តាមទិសស្លោក “អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយ ស្អិតរមួតយូរអង្វែង” ។

លោកថា ភាគីទាំងពីរបានរួមគ្នាពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការរួមចំណែកយ៉ាងសំខាន់រក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ និងទូទាំងពិភពលោក។
លោក ឈុំ សុជាតិ ក៏បានជូនពរចំណងមិត្តភាព ប្រពៃណី សាមគ្គីភាពយូរអង្វែងរវាងប្រទេស ទាំងពីរស្តិតថ្ថេរជារៀងរហូត ។

សូមបញ្ជាក់ថា ក្នុងខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញចូលរួមផងដែរ ៕
