ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជាពូកែដាំ វៀតណាម ពូកែខាងកែច្នៃ

ភ្នំពេញ ៖ នៅចំពោះមុខលោកផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកសរសើរ ពីប្រទេសទាំងពីរថា គឺកម្ពុជាពូកែដាំដុះក្នុងពិភពលោក ខណៈវៀតណាមពូកែកែច្នៃ ក្នុងពិភពលោកដែរ ។

ក្នុងជំនួបជាមួយលោកផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធី អបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង និង ការបង្រួបបង្រួមប្រទេសវៀតណាម នាថ្ងៃ២៩ មេសា សម្តេចតេជោមានប្រសាសន៍ថា កាលពីអតីតកាលកម្ពុជា-វៀតណាមបានជួយគ្នា ពឹងគ្នាទៅវិញទៅមក តាមរយៈកងទ័ព ប៉ុន្តែឥឡូវកម្ពុជា-វៀតណាមជួយគ្នា និងពឹងគ្នាទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នា។

ដោយសម្តេចតេជោបានសង្កត់ធ្ងន់ថា ការជួយគ្នាទៅវិញទៅមក តាមរយៈការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំង ដែលជាមិត្តជាប់ភូមិផង របងជាមួយគ្នានេះ គឺកម្ពុជាមានជំនាញខាងពូកែដាំដុះស្វាយចន្ទី ខណៈវៀតណាមជំនាញ ខាងកែច្នៃផលិតផលដូចជាគ្រាប់ស្វាយចន្ទី។

ចំណុចនេះសម្តេចតេជោបញ្ជាក់ថា “វៀតណាម ពូកែកែច្នៃ កម្ពុជាពូកែដាំ ដូចជា ស្វាយចន្ទី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកក្នុង ការផលិតគ្រាប់ស្វាយចន្ទី ។ រីឯវៀតណាមវិញបានជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទី ទៅលក់នៅលើពិភពលោក។ ដូច្នេះ វាមានទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងពាណិជ្ជកម្ម”។

ជាមួយគ្នានេះសម្តេចបន្ថែមថា ការប្រកួតប្រជែង របស់ប្រទេសមហាអំណាច ជាពិសេស សង្គ្រាមពាណិជ្ជកម្ម ដែលផ្សារភ្ជាប់ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមាន មកលើប្រទេសជាច្រើនរួមទាំងកម្ពុជា និងវៀតណាមផងដែរ ។ ស្ថិតក្នុងស្ថានភាពបែបនេះ និងជាងពេលណាៗទាំងអស់ ភាគីទាំងពីរត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏ចង់ឃើញប្រទេសទាំងពីរពង្រីក នូវពាណិជ្ជកម្មជាមួយគ្នា ក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារ នៅឆ្ងាយពេកនោះទេ៕

To Top