បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានប្រកាសដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC។ លោកបានពណ៌នាអំពីស្ថាប័ននេះថា មានភាពលម្អៀង និងមិនគោរពចំពោះសមាជិក ផ្សេងឡើយ។
ការសម្រេចចិត្តនេះ ត្រូវបានអនុម័តដោយសំឡេង ភាគច្រើនជាងពីរភាគបី កាលពីថ្ងៃអង្គារ ។ លោកSzijjarto បានសរសេរនៅលើ X ថា ៖ សភាហុងគ្រី ទើបតែបានបោះឆ្នោតដកខ្លួនចេញ ពីតុលាការ ICC @IntlCrimCourt ។ ជាមួយនឹងការសម្រេចចិត្តនេះ យើងបដិសេធមិនធ្វើជាផ្នែក នៃស្ថាប័ននយោបាយ ដែលបាត់បង់ភាពមិនលំអៀង និងភាពជឿជាក់របស់ខ្លួននេះទៀតទេ ។
កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចោទប្រកាន់ ICC ថាបាត់បង់ភាពមិនលំអៀង ហើយក្លាយជា តុលាការសម្រាប់កិច្ចការងារ នយោបាយទៅវិញ។
លោកបានប្រកាសពីបំណងបញ្ចប់ ការចូលរួមរបស់ទីក្រុង Budapest ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ទៅកាន់ប្រទេសហុងគ្រី។
គួរឲ្យដឹងដែរថា កាលពីខែវិច្ឆិកាកន្លងទៅតុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួង ការពារជាតិ Yoav Gallant ក៏ដូចជាឥស្សរជន បីនាក់ក្នុងក្រុមហាម៉ាស់ ដោយចោទប្រកាន់ពួកគេពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ស៊ុនលី
