ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងជួបពិភាក្សា អំពីពន្ធគយ ជាមួយអាមេរិក នៅថ្ងៃស្អែក

kyodo

តូក្យូ៖ ប្រធានអ្នកចរចារពន្ធរបស់ប្រទេសជប៉ុន លោក Ryosei Akazawa បានឲ្យដឹងថា កិច្ចចរចាជុំទីពីរ ជាមួយសហរដ្ឋអាមេរិក ជុំវិញកាតព្វកិច្ចខ្ពស់ របស់ខ្លួននឹងត្រូវធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រទេស អាស៊ីមួយនេះ ស្វែងរកការលើកលែង ពីការយកពន្ធ ដែលប៉ះពាល់ដល់រថយន្ត ដែកថែប និងវិស័យផ្សេងៗទៀត ។

លោក Akazawa ជំនួយការជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានប្រាប់អ្នកសារព័ត៌មានមុនពេលចាកចេញពីទីក្រុងតូក្យូថា លោកនឹងខិតខំប្រឹងប្រែង ដើម្បីបង្កើតទំនាក់ទំនង “ឈ្នះ-ឈ្នះ” ជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

រដ្ឋមន្ត្រីទទួលបន្ទុកលើការស្តារឡើងវិញ នៃសេដ្ឋកិច្ចគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកលោក Scott Bessent និងអ្នកផ្សេងទៀតក្នុងអំឡុង ពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់គាត់ ដែលវិស័យរថយន្ត និងកសិកម្មទំនងជាស្ថិតក្នុងរបៀបវារៈ។

នៅក្នុងកិច្ចពិភាក្សាជុំទីមួយកាលពីពាក់កណ្តាល ខែមេសា ភាគីអាមេរិកបានសម្តែងការមិនពេញចិត្ត ចំពោះចំនួនរថយន្ត ដែលផលិតដោយសហរដ្ឋអាមេរិក ដែលនាំចូលក្នុងប្រទេសជប៉ុន ហើយបានជំរុញសម្ព័ន្ធសន្តិសុខ របស់ខ្លួនឱ្យបើកទីផ្សាររបស់ខ្លួន សម្រាប់ដំណាំដាំដុះរបស់សហរដ្ឋអាមេរិក បន្ថែមទៀតដូចជាអង្ករ សាច់គោ និងដំឡូង នេះបើយោងតាមប្រភពរដ្ឋាភិបាលជប៉ុន។

សហរដ្ឋអាមេរិកបានឲ្យដឹងថា ពន្ធខ្ពស់ដែលបានដាក់ចាប់ តាំងពីការវិលត្រឡប់របស់លោក ត្រាំ ចូលកាន់តំណែងកាលពីក្នុងខែមករា គឺសំដៅកាត់បន្ថយឱន ភាពពាណិជ្ជកម្មដ៏ធំរបស់សហរដ្ឋអាមេរិក និងដោះស្រាយនូវអ្វីដែលខ្លួន ចាត់ទុកថាជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ ប្រទេសជប៉ុន ក៏ប្រឈមនឹងពន្ធគយ ២៤ ភាគរយផងដែរ បើទោះបីជាវាត្រូវបានផ្អាកមួយផ្នែក នៅពេលដែលការចរចានៅតែបន្ត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top