បរទេស ៖ អាជ្ញាធរចិន បាននិយាយថា មនុស្ស ២២ នាក់បានស្លាប់ និង ៣ នាក់បានរងរបួសនៅក្នុងអគ្គីភ័យដែលបានឆាបឆេះ នៅក្នុងភោជនីយដ្ឋានមួយ នៅភាគខាងជើងទីក្រុង Liaoyang ប្រទេសចិន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា មិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃអគ្គីភ័យ ដែលបានឆាបឆេះភ្លាមៗ នៅវេលាថ្ងៃត្រង់នេះទេ ប៉ុន្តែរូបភាពពីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញ ពីអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ចេញពីបង្អួច និងទ្វារនៃអគារ ដែលមានពីរ ឬបីជាន់នេះ។ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា អ្នកគ្រប់គ្រងភោជនីយដ្ឋាននេះ ត្រូវបានប៉ូលិសចាប់ខ្លួន ដែលជាផ្នែកមួយ នៃការស៊ើបអង្កេត។
របាយការណ៍វែងបន្តិច បានចេញផ្សាយជាច្រើនម៉ោងក្រោយមក តាមរយៈការិយាល័យវិទ្យុ និងទូរទស្សន៍ខេត្តបាននិយាយថា ភ្លើងត្រូវបានពន្លត់ ហើយការស្វែងរកអ្នកនៅ រស់រានមានជីវិតបានបញ្ចប់ ។ ដូចធម្មតានៅប្រទេសចិន មិនមានព័ត៌មានបន្ថែមអំពីមូលហេតុ ដែលអាចបង្កឲ្យមានអគ្គិភ័យនេះទេ។
សេចក្តីរាយការណ៍បាននិយាយថា រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ២២គ្រឿង និងភ្នាក់ងារពន្លត់អគ្គិភ័យចំនួន ៨៥នាក់ ត្រូវបានបញ្ជូនមកជួយពន្លត់ភ្លើង។
សូមជម្រាបថា ឧបទ្ទវហេតុ ឧស្សាហកម្មកើតឡើង ជាញឹកញាប់នៅក្នុងប្រទេសចិន ជាធម្មតា ដោយសារតែបុគ្គលិក មិនអើពើនឹង លក្ខណៈពិសេសផ្នែក សុវត្ថិភាព ដោយសារតែខ្វះការ បណ្តុះបណ្តាល ឬសម្ពាធពីថ្នាក់លើរបស់ពួកគេ៕
ប្រែប្រួលៈ ណៃ តុលា
