ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សូមជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ

រូបភាព៖ ក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» ជូនក្រសួង ស្ថាប័ន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា សូមមានការជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ ។

ក្នុងសុន្ទរកថាបើកសិក្ខាសាលា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ផ្អែកលើមូលដ្ឋានដែលបានកំណត់ក្នុងវិធានការគន្លឹះទាំង៣ និងជាពិសេសការកែលម្អឱ្យកាន់តែប្រសើរឡើង នូវការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងដំណើរការរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលមានរយៈពេលជាង២០ខែកន្លងទៅនេះ ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួលការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ ស្របតាមគោលការណ៍ជ្រើសរើសប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និងរើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ។ តាមរយៈគោលការណ៍ថ្មី យន្តការថ្មី និងបែបបទនីតិវិធីថ្មី ដែលមានកំណត់ក្នុងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តនីតិប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួលការរៀបចំប្រឡង ចំនួន ៨ក្រសួង ស្មើនឹង ៤២លើក។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា ការអនុវត្តគោលការណ៍គុណាធិបតេយ្យនេះ ជាការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីនៅក្នុងមុខងារសាធារណៈ ដែលផ្អែកលើសមត្ថភាពអនុវត្តការងារពិតប្រាកដ ជាទេពកោសល្យ ជំនាញវិជ្ជាជីវៈ បទពិសោធ និងចំណេះដឹងរបស់មន្ត្រី។ ការជ្រើសរើសមន្ត្រី ដែលមានសមត្ថភាព ជំនាញវិជ្ជាជីវៈ បំពេញការងារចំទីកន្លែង និងតម្រូវការជាក់ស្តែង ពិតជាជួយដល់ការបង្កើនសមត្ថភាព ផលិតភាព និងការបង្កើនទិន្នផលការងាររបស់ក្រសួង ស្ថាប័ន ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាពល្អជូនប្រជាពលរដ្ឋ។ លោកថា សិក្ខាសាលានៅក្នុងថ្ងៃនេះ មិនមែនត្រឹមតែជាការចែករំលែកបទពិសោធទេ តែជាការជម្រាបជូនក្រសួង ស្ថាប័ន ដោយសារយើងត្រូវធ្វើការជាមួយគ្នាបន្តទៅអនាគត។ អ្វីដែលផ្សព្វផ្សាយនាថ្ងៃនេះ ក៏ជាព័ត៌មានមូលដ្ឋាននៃការសហការជាមួយគ្នា ដើម្បីធ្វើកិច្ចការងារទាំងអស់នេះ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ចូលរួមផ្សព្វផ្សាយបន្ត ប្រសិនបើមានបុគ្គលណាប្រាប់ថា ពឹងលើគេបាន ឱ្យលុយគេទៅ ដើម្បីឱ្យគេជួយប្រឡងជាប់ នេះមិនមានទេ ហើយថ្ងៃក្រោយប្រសិនបើមានគេថា លុយហ្នឹងរៀបចំទុកឱ្យឯកឧត្តម ហ៊ុន ម៉ានី គឺគ្មានទេ។ លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «សូមឱ្យមានការជឿជាក់ថាប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ»។

សូមជម្រាបថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន២ រួមមាន៖ទី១.ផ្សព្វផ្សាយអំពីការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលស្ថិតក្រោមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងទី២.ចែករំលែកបទពិសោធរបស់ក្រសួងមុខងារសាធារណៈក្នុងការដឹកនាំគណៈកម្មការរៀបចំការប្រឡងប្រជែង ដោយអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងនានាកន្លងមក ៕

To Top