បច្ចេកវិទ្យា

អង្គការសប្បុរសធម៌ខ្វនថឹម​បរិច្ចាគថថវិកា ​ជួយសាងសង់អាគារសិក្សាថ្មី ១ខ្នង​ ជូនកូនចៅជនជាតិភាគតិចព្នង​រៀនសូត្រ

មណ្ឌលគិរិ៖ លោកអ៊ុង គង្គាស្ថាបនិកអង្គការសប្បុរសធម៌ខ្វនថឹម បានដឹកនាំសប្បុរសជនជនជាតិចិនមួយក្រុមចូលរួមលើកស្ទួយការងារអប់រំនៅទីជនបទដាច់ស្រយាល ដោយបាននាំគ្នាបរិច្ចាគថវិកា​សាងសង់អាគារសិក្សាថ្មី ១ខ្នង ជូនកូនចៅជនជាតិភាគតិចព្នង ដើម្បីរៀនសូត្ររៀនសូត្រក្រេបយកចំណេះដឹង។

ពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាគារសិក្សាថ្មីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាបឋមសិក្សាឈូល ស្ថិតនៅក្នុងភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាពលោក សាយ ម៉េងគីម សមាជិកក្រុមប្រឹក្សាខេត្ត លោកសី ទូចអភិបាលស្រុកកោះញែក មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន មាតាបិតា ចាស់ព្រឺទ្ធាចារ្យ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូយ៉ាងច្រើនកុះករ។

តាមរបាយការណ៍របស់អង្គការសប្បុរសធម៌ខ្វនថឹម អាគារសិក្សាថ្មីនេះជាប្រភេទសំណង់១ជាន់ ជញ្ជាំងឥដ្ឋ២០ ដំបូលប្រក់ក្បឿងមាន ៤បន្ទប់រៀន គ្រោងសាងសង់អោយហើយក្នុងរយៈពេល ៤ខែ។

លោកអ៊ុ​ងគង្គា​ បានអោយដឹងថា លោកគ្រោងរៃអង្គាសថវិការចំនួន៨៨៥៤៨ដុល្លាអាមេរិក ដើម្បីសាងសង់អាគារសិក្សាថ្មី១ខ្នងនេះ រួមទាំងការបំពាក់តុ កៅអី ក្តារខៀន និងសម្ភារៈជាច្រើនមុខទៀត។ ដែលមកទល់ពេលនេះលោកទទួលបានអំណោយពីសប្បុរសជនជាង ១០០នាក់ បានថវិការចំនួន ៣៧០០០ដុល្លាអាមេរិក និងសម្ភារៈ ១ចំនួនមានតំលៃជាង ១០០០០ដុល្លាអាមេរិករួចហើយ នៅខ្វះថវិការប្រហែល ៤០០០០ដុល្លាអាមេរិកទៀត។ តែយ៉ាងណាលោកធានាថាដំណើរការសាងសាង់អាគារសិក្សាថ្មីនេះនឹងធ្វើឡើងដោយរលូន និងរួចរាល់ជាស្ថារពតាមការគ្រោងទុក។

ទាក់ទងនឹងរឿងគុណភាពសំណង់វិញ លោកអ៊ុងគង្គាបញ្ជាក់ថា គុណភាពសំណង់អាគារសិក្សាថ្មីនៃសាលាបឋមសិក្សាឈូល ដែលយើងកំពុងបើកការដ្ឋានសាងសង់នេះ គឺផ្អែកលើស្តង់ដាគុណភាពសំណង់សាលាបឋមសិក្សាជនបទរបស់ក្រសួងអប់រំកម្ពុជា និងស្ថាប័នផ្សេងទៀត យើងបានធ្វើការកែលម្អផ្នែក ប្រព័ន្ធអគ្គិសនី ភាពរឹងមាំសោភ័ណភាព និងបរិយាកាស ថែម១កំរិតទៀតដែល អាច អោយសិស្សនុសិស្សប្រើបានដល់ ៧០ឆ្នាំ ឬកាន់តែយូរនេះ។

លោកថា នេះជាអាគាសិក្សាទី២ ដែលបានបរិច្ចាគនិងសាងសង់ដោយអង្គការសប្បុរសធម៌ខ្វនថឹម។អាគារសិក្សាទី១ត្រូវបានសាងសង់រួចរាល់និងប្រគល់ជូនអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាព្រៃទប់ ឃុំបឹងនិមល ស្រុកឈូកខេត្តកំពត ដើម្បីប្រើប្រាស់រួចហើយ។

បើតាមរបាយការរបស់លោកនាយកសាលា សាលាបឋមសិក្សាឈូលត្រូវបានបង្កើតឡើងឡើងនៅឆ្នាំ១៩៩៦ សព្វថ្ងៃមានសិស្ស ១៥២នាក់ក្នុងនោះភាគច្រើនជាកូនចៅជនជាតិភាគតិចព្នង ក្រោមការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូចំនួន ៦នាក់។ សាលារៀននេះមានអាគាសិក្សា ១ខ្នងមាន ២បន្ទប់សង់ពីក្តារប្រក់សង្ក័សី សាងសង់តាំងពីឆ្នាំ២០០៤មកម្ល៉េះ។

លោកអ៊ុង គង្គាសង្ឃឹមថាអាគារសិក្សាថ្មីនេះនឹង នឹងផ្តល់អោយសិស្សានុសិស្សដែលជាកូនចៅជនជាតិភាតិចព្នងនូវបរិយាកាសរៀនសូត្រកាន់តែប្រសើរជាងមុន។ សូមក្មួយៗសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងអោយបានល្អ ចំរើនវ័យ មានសុខភាពល្អ ក្លាយជាអ្នកមានទេពកោសល្យមានប្រយោជន៍ទៅថ្ងៃអនាគត និងរួមចំណែកកសាង អភិវឌ្ឍសហគមន៍ជនជាតិព្នង ខេត្តមណ្ឌលគិរី និងប្រទេសកម្ពុជាទាំងមូល៕

To Top