ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចេញមុខធ្វើជាអ្នក សម្រុះសម្រួល ភាពតានតឹង រវាងប៉ាគីស្ថាន និងប្រទេសឥណ្ឌា

ABNA

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ ដើម្បីព្យាយាម និងសម្រុះសម្រួលក្នុងការកើនឡើង ភាពតានតឹងរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងញូវដេលី បន្ទាប់ពីការវាយប្រហារដ៏សាហាវ កាលពីខែមុនមកលើអ្នកទេសចរ នៅតំបន់កាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌា ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Abbas Araghchi គឺជាលើកទីមួយរបស់ឥស្សរជនបរទេស ចាប់តាំងពីភាពតានតឹងបានផ្ទុះឡើង បន្ទាប់ពីមានការវាយប្រហារដ៏សាហាវ ទៅលើអ្នកទេសចរនៅក្នុងតំបន់ជម្លោះ Kashmir។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតែប៉ុន្មាន ថ្ងៃបន្ទាប់ពីក្រុងតេហេរ៉ង់បានផ្តល់ជូន ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសជិតខាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ។

លោក Araghchi ត្រូវបានស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន បន្ទាប់ពីចុះនៅអាកាសយានដ្ឋានក្បែរទីក្រុង Islamabad ។ ក្រសួងបាននិយាយថា លោកនឹងជួបសមភាគីប៉ាគីស្ថានលោក Ishaq Dar ក៏ដូចជាប្រធានាធិបតី Asif Ali Zardari និងនាយករដ្ឋមន្ត្រី Shehbaz Sharif ។ យ៉ាងណាក៏ដោយ ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសប៉ាគីស្ថានមានការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីសប្តាហ៍មុន បន្ទាប់ពីរដ្ឋមន្ត្រីខុទ្ទកាល័យលោក Attaullah Tarar បាននិយាយថា ទីក្រុង Islamabad មានព័ត៌មានសម្ងាត់ ដែលអាចជឿទុកចិត្តបានថា ឥណ្ឌាអាចវាយប្រហារប៉ាគីស្ថាន ក្នុងការឆ្លើយតបទៅនឹងការ វាយប្រហារកាលពីថ្ងៃទី២២ ខែមេសានៅទីក្រុងរមណីយដ្ឋាន Pahalgam ដែលបានសម្លាប់អ្នកទេសចរ ២៦ នាក់ ដែលភាគច្រើនជាជនជាតិហិណ្ឌូនៅ Kashmir គ្រប់គ្រងដោយឥណ្ឌា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top