បរទេស៖ ប៉ូលិសក្នុងប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សពីរនាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងរៀបចំគម្រោងបំផ្ទុះគ្រាប់ បែកនៅឯការប្រគុំតន្ត្រីរបស់តារាចម្រៀង ស្រី គឺ Lady Gaga ដោយឥតគិតថ្លៃ ក្នុងទីក្រុង Rio de Janeiro ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រឹត្តិការណ៍ Rio កាលពីថ្ងៃសៅរ៍ គឺជាកម្មវិធីដ៏ធំបំផុត នៃអាជីពរបស់តារាប៉ុប ដែលបានទាក់ទាញអ្នកគាំទ្រ ប្រមាណ ២,៥ លាននាក់ទៅកាន់ឆ្នេរ Copacabana ហើយមានក្រុមអ្នកគាំទ្រ នាំគ្នាស្រែក និងរាំតាម ។
លោក Felipe Cury ប៉ូលីសទីក្រុង Rio បាននិយាយថា អាជ្ញាធរជឿថា ជនសង្ស័យបានស្វែងរកគោលដៅសហគមន៍ អ្នកស្រលាញ់ភេទដូចគ្នា ឬ LGBTQ របស់ប្រទេសប្រេស៊ីល។
លោក Cury បានប្រាប់សន្និសីទ សារព័ត៌មានកាលពីថ្ងៃអាទិត្យថា “ពួកគេនិយាយយ៉ាងច្បាស់ថា ពួកគេកំពុងរៀបចំផែនការ វាយប្រហារនៅឯការប្រគុំតន្ត្រី របស់ Lady Gaga ដែលជម្រុញដោយការតំរង់ទិសផ្លូវភេទ” ។
ចំណែកមេប៉ូលីសទីក្រុង Rio លោក Luiz Lima បាននិយាយថា ក្រុមនេះបានផ្សព្វផ្សាយពាក្យសំដីស្អប់ខ្ពើម និងខ្លឹមសារហឹង្សាតាមអ៊ិនធរណេត “ក្នុងគោលបំណងទទួលបានភាពល្បីល្បាញ ដើម្បីទាក់ទាញអ្នកទស្សនាកាន់តែច្រើន អ្នកចូលរួមកាន់តែច្រើន ដែលភាគច្រើនជាក្មេងជំទង់ ភាគច្រើនជាកុមារ”៕
ប្រែសម្រួលៈ ណៃ តុលា
