ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនយកពេលវេលា ដ៏មានតម្លៃទៅខ្វល់ខ្វាយពីយុទ្ធសាស្រ្តផ្ការីក របស់មេឧទ្ទាមក្រៅច្បាប់ទេ គឺខ្វល់តែពីការពង្រីកសមិទ្ធផលនានា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ នៅគ្រប់ទិសទីទូទាំងប្រទេស ។
សម្តេចថា សមិទ្ធផលនេះគឺ ប្រជាពលរដ្ឋចង់បានគ្រប់គ្នា ។ នេះហើយគឺជាផ្ការីក នៃសមិទ្ធផលរបស់គណបក្ស ប្រជាជនកម្ពុជា។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ “គម្រោង “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៦ ឧសភា សម្តេចធិបតី បានមានប្រសាសន៍ថា សមិទ្ធផលជាច្រើនកើតចេញ ពីការដឹកនាំរបស់គណបក្ស ប្រជាជន ដែលប្រជាពលរដ្ឋចង់បានគ្រប់គ្នានោះ គឺការសាងសងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់ , មន្ទីរពេទ្យ , សាលារៀន និងការកសាងកំពង់ផែនៅខេត្តមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចជាតិមាន ការរីកចម្រើនឥតឈប់ឈរ ។
សម្តេចធិបតីបន្តថា ទាំងមុនពេលនិងក្រោយបុណ្យចូលឆ្នាំខ្មែរសម្តេចបានអញ្ជើញចុះសម្ពោធសមិទ្ធផលនានា ជាហូរហែរដើម្បីបំពេញសេចក្តី ត្រូវការរបស់ពលរដ្ឋ។
សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់បន្ថែមថា “ទាំងអស់នេះហើយ គឺជាផ្ការីកនៃសមិទ្ធផល សម្រាប់ប្រជាពលរដ្ឋ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ។ ពីណាគេផ្ការីក គេអន់ចិត្ត គេសប្បាយចិត្ត គេចង់ផ្តួល ចង់ប្តឹងរឿងរបស់គេ ។ ខ្ញុំគិតថា ប្រជាពលរដ្ឋយើងឆ្អែតហើយរឿងរញ៉េរញ៉ៃ”។
សម្តេចធិបតីបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជាគឺមិននៅនឹងថ្កល់ ឬព្រងើយកន្តើយ ឬក៏គ្មានធ្វើសកម្មភាពណាមួយនោះទេ គឺនឹងធ្វើជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ ដើម្បីឲ្យមានភាពល្បី រន្ទឺទូទាំងសកលលោក ៕
