បរទេស៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានស្តីបន្ទោស សំណើរបស់គណៈកម្មការអឺរ៉ុប ក្នុងការបញ្ឈប់ទាំងស្រុង នូវការនាំចូល ថាមពល ពីប្រទេសរុស្ស៊ី ដោយហៅផែនការនេះថា មិនអាចទទួលយកបាន ក្នុងទម្រង់បច្ចុប្បន្នរបស់វា។
លោក Fico បានព្រមានថា វាគ្រាន់តែជា “ការធ្វើអត្តឃាតសេដ្ឋកិច្ច” ដើម្បីដាក់ការនាំចូលឧស្ម័ន ប្រេង និងឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ីដល់ទីបញ្ចប់ ដោយសារតែរបាំងដែកថែបថ្មី កំពុងត្រូវបានសាងសង់ឡើងរវាងលោកខាងលិច និងសហព័ន្ធរុស្ស៊ី។
ការកត់សម្គាល់របស់លោក បានធ្វើឡើងជាការឆ្លើយតប ទៅនឹងការបង្ហាញពីផែនទីផ្លូវ REPowerEU របស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃអង្គារ ដែលជាផែនការដ៏ទូលំទូលាយមួយ ដើម្បីលុបបំបាត់ការពឹងផ្អែករបស់អឺរ៉ុប លើឧស្ម័នរុស្ស៊ីនៅឆ្នាំ២០២៧ ។ ផែនទីបង្ហាញផ្លូវបានគូសបញ្ជាក់ពីផែនការជាដំណាក់កាល ដើម្បីបញ្ឈប់ការនាំចូល ឧស្ម័នធម្មជាតិ ប្រេង និងនុយក្លេអ៊ែររបស់រុស្ស៊ីនៅទូទាំងប្លុកដែលមានសមាជិក ២៧ប្រទេស។
យោងតាមផែនទីបង្ហាញផ្លូវ សហភាពអឺរ៉ុប នឹងបញ្ឈប់ភ្លាមៗនូវការចុះហត្ថលេខាលើកិច្ចសន្យាថ្មីសម្រាប់ឧស្ម័នរុស្ស៊ី និងបញ្ចប់កិច្ចព្រមព្រៀងទីផ្សារដែលមានស្រាប់ទាំងអស់នៅចុងឆ្នាំ២០២៥។ ការនាំចូលឧស្ម័នរុស្ស៊ី ដែលនៅសល់ទាំងអស់នឹងឈប់នៅចុងឆ្នាំ២០២៧ ។
លោកបានសង្កត់ធ្ងន់ថា ជំហានបែបនេះ នឹងធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប និងស្លូវ៉ាគី។ មួយថ្ងៃមុននេះ ហុងគ្រី ក៏បានសម្តែងការបដិសេធយ៉ាងខ្លាំងប្រឆាំង នឹងផែនទីបង្ហាញផ្លូវរបស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា ផែនការនេះនឹងធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខថាមពលរបស់ប្រទេសហុងគ្រី៕
ប្រែសម្រួល ឈូក បូរ៉ា
