ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសជាតិមួយ ដែលមានការអភិវឌ្ឍ លើគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធនមនុស្សជាមូលដ្ឋាន ។
ការថ្លែងរបស់របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានទុទ្ទិដ្ឋិនិយមថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានអប់រំមួយ ដែលបានរួមចំណែក ដល់ការបំពេញបេសកកម្ម បណ្តុះបណ្តាល សមណនិស្សិត និស្សិត ឱ្យក្លាយជាមូលធនបញ្ញា ប្រកបដោយគុណភាព សមត្ថភាព ឧត្តមភាពសិល្បធម៌ និងមនសិការ វិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទាំងក្នុងក្របខណ្ឌជាតិ អន្តរជាតិ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នៅក្នុងការពង្រឹងធនធានមនុស្ស ទាំងគុណភាព និងបរិមាណ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “តាមការសិក្សាស្រាវជ្រាវ ពីសម័យការមួយ ទៅសម័យការមួយ យើងអាចសន្និដ្ឋានថា ប្រទេសជាតិមួយ ដែលមានការអភិវឌ្ឍ លើគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធន មនុស្សជាមូលដ្ឋាន ។ កម្ពុជា ជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋាន ព្រះពុទ្ធសាសនា ជាពិសេសវប្បធម៌កត្តញ្ញូ មេតា ករុណា អហិង្សា ជាគោលការណ៍សំខាន់ សម្រាប់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ ទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ “។
ក្នុងន័យនេះ សម្តេចធិបតី ណែនាំឱ្យសមណនិស្សិត និងនិស្សិត ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការសិក្សា ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទើបអាចអភិរក្ស និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឱ្យបានគង់វង្ស និងរីកចម្រើនទៅបាន៕
