បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសថា ក្រុងកៀវបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ បទឈប់បាញ់ពេញលេញ ដោយគ្មានលក្ខខណ្ឌជាមុន ។
បទឈប់បាញ់មួយអាច ត្រូវបានអនុវត្តចាប់ពីនាទីនេះ នេះបើយោងតាមអ្វីដែលគាត់បាននិយាយ នៅក្នុងសារមួយដែលបានចេញផ្សាយ នៅលើបណ្តាញ Telegram ផ្លូវការរបស់គាត់បន្ទាប់ពីកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមលោក Zelensky ការពិភាក្សាបានផ្តោតលើមធ្យោបាយដើម្បី នាំយកបទឈប់បាញ់ពិតប្រាកដ និងយូរអង្វែងកាន់តែខិតជិត ក៏ដូចជា ស្ថានភាពនៅជួរមុខ និង កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត ។ លោកបានបន្តថា បទឈប់បាញ់គួរមានរយៈពេលយ៉ាងហោចណាស់ ៣០ ថ្ងៃ ដោយអះអាងថា វានឹង បង្កើតឱកាសជាច្រើនសម្រាប់ការទូត។
លោកZelenskyបានមានប្រសាសន៍ថា ៖អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ពេញលេញនៅថ្ងៃនេះ ចាប់ពីពេលនេះតទៅហើយ ដោយបន្ថែមថា វាគួរតែរួមបញ្ចូល គ្មានការវាយប្រហារដោយមីស៊ីល ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬការវាយលុករាប់រយ លើកនៅតាមជួរមុខនានា។
ក្នុងនោះផងដែរលោកបានអំពាវនាវឲ្យរុស្ស៊ីផ្តល់ការឆ្លើយតប គ្រប់គ្រាន់ ចំពោះការផ្តល់ជូន និង បង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការបញ្ចប់សង្គ្រាម។មិនត្រឹមតែប៉ុណ្ណោះលោក Zelensky ក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន គាំទ្រគំនិតផ្តួចផ្តើមនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
