ភ្នំពេញ៖ លោក ទីវ តារារិទ្ធិ ដែលជាយុវជនអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា នឹងប្តេជ្ញាជិះកងឆ្លងទៅទ្វីបអាហ្វ្រិកខាងត្បូងបន្តទៀត ដោយចំណាយពេលវេលា២ឆ្នាំ ។
នេះបើតាមការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃ១២ ឧសភា ក្នុងឱកាសអនុញ្ញាតលោក ទីវ តារារិទ្ធិចូលជួបសម្តែងការគួរសម ។
ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ ប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ អ្នកជិះកង់ផ្សងព្រេងវ័យ ៣៦ឆ្នាំរូបនេះ បានបញ្ជាក់ថា នឹងបន្ដដំណើរឆ្លងទ្វីបអាហ្វ្រិកទៀត បន្ទាប់ឆ្លងកាត់ប្រទេសនៅទ្វីបអឺរ៉ុប ដោយបេសកកម្មនេះ អាចចំណាយពេលសរុប ២ឆ្នាំ លើចម្ងាយផ្លូវជាង ៤ម៉ឺនគីឡូម៉ែត្រ។
លោក ទីវ តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដោយត្រូវឆ្លងកាត់ប្រទេសមួយចំនួននៅក្នុងទ្វីបអាស៊ី ក្នុងគោលបំណងឆ្ពោះទៅទ្វីបអឺរ៉ុប។ ក្នុងបេសកកម្មនេះ អ្នកផ្សងព្រេងរូបនេះ គ្រោងធ្វើដំណើរលើចម្ងាយផ្លូវ ២ម៉ឺនគីឡូម៉ែត្រ ដោយដាក់គោលដៅរៃថវិកា ២៥ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ មកដល់ថ្ងៃទី៣០ ខែមេសា បេសកកម្មនេះ បានប្រព្រឹតទៅអស់រយៈពេល ១១ខែ។
លោក ទីវ តារារិទ្ធិ នឹងមិនបញ្ចប់បេសកកម្មនេះ ត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោក កាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ។ លោក តារារិទ្ធិ បញ្ជាក់ថា នឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកខាងត្បូងទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឲ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត៕





