ហ្សឺណែវៈ ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានឲ្យដឹងថា ប្រទេសចិន នឹងបន្តការគាំទ្ររបស់ខ្លួន សម្រាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីធ្វើការជាអ្នករក្សាស្ថិរភាព នៃពាណិជ្ជកម្មពិភពលោក និងដើម្បីរួមចំណែកកាន់តែច្រើន ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។
ក្នុងជំនួបជាមួយអគ្គនាយក WTO លោក Ngozi Okonjo-Iweala លោកបានឲ្យដឹងថា ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមាន WTO ជាស្នូល គឺជាមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្មអន្តរជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងអភិបាលកិច្ច សេដ្ឋកិច្ចពិភពលោក។
លោកបានជំរុញឱ្យភាគីទាំងអស់ដោះស្រាយការខ្វែងគំនិត និងវិវាទតាមរយៈការសន្ទនា ដោយឈរជើងស្មើភាពគ្នាក្នុងក្របខណ្ឌរបស់ WTO ដើម្បីរួមគ្នាលើកកម្ពស់ ពហុភាគីនិយម និងពាណិជ្ជកម្មសេរី និងជំរុញឱ្យមានដំណើរការស្ថិរភាព និងរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។
ឧបនាយករដ្ឋមន្ត្រីចិនរូបនេះបានលើកឡើងថា ប្រទេសចិន នឹងបន្តចូលរួមយ៉ាងទូលំទូលាយ និងស៊ីជម្រៅក្នុងកំណែទម្រង់ស្ថាប័នពាណិជ្ជកម្មពិភពលោក ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកកំពុងអភិវឌ្ឍន៍។
លោកជាមេដឹកនាំចិនសម្រាប់កិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក ក៏បានប្រាប់ប្រធាន WTO អំពីការចរចាកម្រិតខ្ពស់រវាងចិន និងអាមេរិកផងដែរ ដោយកិច្ចប្រជុំសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បានធ្វើឡើងកាលពីចុងសប្តាហ៍ក្នុងទីក្រុងហ្សឺណែវ៕
ប្រែសម្រួល ឈូក បូរ៉ា
