ភ្នំពេញ ៖ នៅពេលសាធារណជន និងអ្នកសារព័ត៌មាន ចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀត លើករណីចរាចរណ៍ ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុង ចំណោមក្រុមរថយន្តក្រុង ដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរ ជាលក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជាក់ចំៗ ចំពោះការអនុវត្តច្បាប់ ឥរិយាបថនៃការបើកបរ និងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ គិតគូឡើងវិញលើចំណុច អវិជ្ជមានមួយចំនួន។
លោកបណ្ឌិត បានលើកឡើងថា ចំពោះរថយន្តក្រុងភ្នំពេញ-វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ តែងបានចាត់វិធានការឃាត់យានល្មើសទាំងនោះ និងបានអប់រំណែនាំធ្វើកិច្ចសន្យា អ្នកបើកបរជាបន្តបន្ទាប់។ លោក បន្តថា «ក្នុងករណីណាដែលសមសមត្ថ កិច្ចបានរកឃើញជាក់ស្ដែង ចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំ និងមានកិច្ចសន្យាម្ដងរួមមកហើយនោះ គឺយើងត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។ តែបើសិនជាអ្នកបើកបរនោះថ្មី មិនធ្លាប់ទទួលរងការណែនាំ ឬក៏មិនធ្លាប់មានកិច្ចសន្យាបញ្ឈប់សកម្មភាព មិនប្រក្រតីនោះទេ គឺសមត្ថកិច្ចយើងច្រើនតែ ផ្តល់ឱកាសណែនាំ ផ្ដល់កិច្ចសន្យាឱ្យគាត់»។
បើទោះបីជា ក្រសួង បានចាត់វិធានការ និងមាន សមត្ថកិច្ចជំនាញស្របច្បាប់ ដាក់គោលដៅត្រួតពិនិត្យ អនុវត្តច្បាប់យ៉ាងណា ក៏ដោយ លោកសង្កេតឃើញថា ប្រជាពលរដ្ឋទូទៅ ទាំងអ្នករត់តាក់ស៊ី ទាំងអ្នកធ្វើដំណើរ ទាំងអ្នកប្រកបការងារ និងធ្វើដំណើរកម្សាន្តនានាហាក់បីដូចជាមិនអើពើ មិនចូលរួមសហការនោះទេ។ លោកបញ្ជាក់ថា «នៅពេលមានមន្រ្តីចរាចរណ៍ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ អ្នកបើកបរដែលពុំពាក់ខ្សែក្រវ៉ាត ពុំមានមួកសុវត្ថិភាព ពុំមានកញ្ចក់ អ្នកបើកបរនិយាយទូរសព្ទក្នុងពេលបើកបរ និងល្មើសច្បាប់ដទៃទៀត ពួកគេមានចាប់ផ្ដើមមានអាកប្បកិរិយាមិនសមរម្យ មិនសហការ និងរិះគន់ វាយប្រហារមកកាន់សមត្ថកិច្ច។ ទន្ទឹមគ្នានោះ នៅពេលដែលមាន សមត្ថកិច្ចមិនដាក់កម្លាំងត្រួតពិនិត្យបទល្មើស ពួកគេក៏បានរំលោភបំពានផ្លូវ ដែលនាំឱ្យគ្មាន សណ្ដាប់ធ្នាប់ តាមដងផ្លូវ និងបង្កឱ្យមានគ្រោះថ្នាក់កើតមានឡើង ហើយបងប្អូនប្រជាពលរដ្ឋក៏ នាំគ្នាទាំងរិះគន់ សម្ដែងមតិទាំងអ្នកបើកបរប្រព្រឹត្តបទល្មើសផង និងវាយប្រហារមកកាន់សមត្ថកិច្ចផងថា ពុំដាក់កម្លាំងត្រួតពិនិត្យ»។
អ្នកនាំពាក្យ អះអាងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឬកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង លុះត្រាតែមានការផ្ដើមចេញប្រជាពលរដ្ឋម្នាក់ៗដែលត្រូវនាំគ្នាស្វែងយល់ អានច្បាប់ចរាចរណ៍ផ្លូវគោក បើកបរប្រកបដោយសីលធម៌ ចេះយោគយល់អធ្យាស្រ័យ កុំចង់ចាញ់ កុំចង់ឈ្នះ ខ្លាចគ្រោះថ្នាក់កើតឡើងលើខ្លួនឯង លើគ្រួសារ និងលើអ្នកដទៃ ហើយចុងក្រោយយើងខុស យើងត្រូវប្រឈមមុខចំពោះមុខច្បាប់។ យ៉ាងណាក៏ដោយលោកអះអាងថា សមត្ថកិច្ចក្រសួងមហាផ្ទៃក្ដី អគ្គស្នងការដ្ឋាន នគរបាលជាតិក្ដី និងសមត្ថកិច្ចពាក់ ព័ន្ធដទៃទៀតក្ដី ក៏នៅតែបន្ត ផ្សព្វផ្សាយ អប់រំណែនាំ ក្រើនរម្លឹកជាបន្តបន្ទាប់ ជាក់ស្ដែងក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃតែងតែចេញសារណែនាំ និងពន្យល់ពីច្បាប់ចរាចរណ៍ ការទទួលខុសត្រូវនៅពេលដែលល្មើសច្បាប់ចរាចរណ៍ និងការបង្កគ្រោះថ្នាក់ដទៃជាច្រើនទៀត។
អ្នកនាំពាក្យ បានបញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋណា ដែលចាប់រូបភាពបាន រាល់រថយន្តបើកបរល្មើសច្បាប់ ចរាចរណ៍បំពានគ្រប់រូបភាព ជារួមមានសកម្មភាពបើកវ៉ាងជែងគ្នា ដឹកអីវ៉ាន់សំពីងសំពោង ឬក៏វ៉ាជែងកន្លែងដែលមានគំនូសប្រសព្វគ្នា បើកបរបញ្ច្រាសទិស រំលោភលើចំណែកផ្លូវលើទិសដៅម្ខាង សូមថតជាវីដេអូឱ្យជាប់នឹងផ្លាកលេខ បន្ទាប់មកសូមផ្ញើ សារ រូបភាព ព្រមទាំងវីដេអូទាំងនោះមកកាន់ តេលេក្រាមអ្នកនាំពាក្យតាមរយៈលេខទូរសព្ទ ០១៤ ៧៨៩ ០១៤៕
