ព័ត៌មានជាតិ

សម្តេចធិបតី សុំឱ្យ​ប្រជាពលរដ្ឋ កុំលាភពណ៌មន្ត្រី នគរបាលជាតិ ពេលទៅហ្វឹកហ្វឺននៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ឃើញថា មានការគិតក្នុងន័យអវិជ្ជមាន ទៅលើកងកម្លាំងនគរបាលជាតិ នៅពេលចេញទៅហ្វឹកហ្វឺននៅប្រទេសជិតខាង ខណៈដែលកងកម្លាំងនគរបាលជាតិ គឺការពារផលប្រយោជន៍ជាតិ ទោះរៀនដល់ប្រទេសណាក៏ដោយ នៅតែជាកងកម្លាំងនគរបាលជាតិខ្មែរ ការពារផលប្រយោជន៍ និងអធិបតេយ្យភាពជាតិខ្មែរ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យកងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺន ឱ្យបានម៉ត់ចត់ ហើយការហ្វឹកហ្វឺន ទៀតសោត ត្រូវចេញពីសាលា ខណៈដែលសាលាត្រូវធានាស្តង់ដារ ជាពិសេសមន្ត្រី នរគបាលយុត្តិធម៌តែម្តង ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះបណ្តាប្រទេសជាមិត្ត ក្នុងការផ្តល់នូវកិច្ចសហការ គាំទ្រទៅលើការបណ្តុះបណ្តា ដល់កងកម្លាំងនគរបាលជាតិកម្ពុជា ខណៈដែលកម្ពុជា ក៏ផ្តល់សហការ ក្នុងការបណ្តុះបណ្តាល ជាមួយប្រទេសជិតខាងវិញផងដែរ ។

បន្ថែមលើនេះ សម្តេចធិបតី កត់សម្គាល់ថា ការទៅទទួលការ បណ្តុះបណ្តានូវជំនាញ និងការហ្វឹកហ្វឺន របស់កងកម្លាំង នគរបាលជាតិ ជាមួយប្រទេសជិតខាង តែងតែទទួលបាន នូវការវាយតម្លៃក្នុងជ្រុងអវិជ្ជមាន ដែលបង្កឱ្យមានការប៉ះ ពាល់នូវទំនាក់ទំនង កិច្ចសហការ រវាងប្រទេសជិតខាង ក៏ដូចជាប៉ះពាល់ដល់សតិអារម្មណ៍ផ្ទាល់ របស់កងកម្លាំង នគរបាលជាតិ​ ដែលទទួលការហ្វឹកហ្វឺនផងដែរ ។

ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ហើយខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ខ្ញុំឃើញ មានការបង្ហោះសារផ្សេងៗហាក់ដូចជារសើបណាស់ នៅក្នុងការធ្វើទំនាក់ទំនងរបស់កម្ពុជា ជាមួយប្រទេសជិតខាង គ្មានពីណារស់ដោយឯកោបានទេ ពេលខ្លះឃើញនរគបាលជាតិយើង ទៅធ្វើការបណ្តុះបណ្តានៅប្រទេសមួយ ចោទថា យើងក្លាយទៅជាជាតិនោះហើយ ដល់ពេលឃើញជាតិនោះគាត់សិក្សាភាសាខ្មែរមកវិញ ថា គេត្រៀមមកត្រួតយើងហើយ អត់មានទេ យើងកម្ពុជា កងកម្លាំង ប្រដាប់អាវុធ និយាយដោយឡែក គឺកងកម្លាំងនគរបាលជាតិ គឺការពារផល ប្រយោជន៍ជាតិ ទៅរៀនដល់ណាប្រទេសណាក៏ដោយ យើងនៅតែជាកងកម្លាំងនគរបាលជាតិខ្មែរ ការពារផលប្រយោជន៍ និងអធិបតេយ្យភាពជាតិខ្មែរ នេះគឺជាការពិត សូមបងប្អូនកុំលាភពណ៌នៅមន្ត្រី ឬមួយកងកម្លាំងរបស់យើង មិនថានរគបាល កងទ័ពឬយ៉ាងណានោះទេ” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ​កិច្ចសហការរបស់កម្ពុជា មិនថាជាមួយប្រទេសថៃ ឡាវ ឬវៀតណាមនោះទេ គឺសុទ្ធតែមានកិច្ចសហការក្នុងការផ្លាស់ប្តូរការហ្វឹកហ្វឺន និងទស្សនកិច្ចសិក្សាជាដើម តួយ៉ាងបណ្តាប្រទេសធំៗ លើពិភពលោក ដូចជា រុស្ស៊ី អាមេរិក បារាំង អូស្តា្រលីជាដើម ក៏មានការផ្លាស់ប្តូរទស្សនកិច្ច សិក្សារបស់សិក្ខាមផងដែរ ដោយសារតែបច្ចុប្បន្ននេះ ប្រទេសមួយត្រូវមានប្រាស្រ័យទាក់ទង មិនអាចរស់នៅដាច់ដោយឡែកនោះទេ ៕

To Top