កំពង់ធំ÷ នាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំង នៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ ។

អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បានសម្តែងនូវគារវៈកិច្ច និងថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយ ពេលវេលាអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ បរិច្ចាគឈាម និងសម្ពាធអគារសិក្សា នាឱកាសនេះ ។ ជាមួយគ្នានេះ អ្នកឧកញ៉ា បានធ្វើរបាយការណ៍អំពី សមិទ្ធផលអគារសិក្សា របស់ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងបានធ្វើការប្តេជ្ញាចិត្ត ក្នុងការរៀបចំយុទ្ធនាការ បរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្កលិក គាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាតិ ការពង្រឹងការអប់រំ ការអភិវឌ្ឍបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកសាងសហគមន៍ ប្រកបដោយភាពរស់រវើក សម្រាប់យុវជនជំនាន់ក្រោយផងដែរ។

នាឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែង នូវសេចក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអ្នកចូលរួមទាំងអស់ និងបានកោសរសើរ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំផ្តួចផ្តើមយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» នាឱកាសនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានចែករំលែកអំពីសកម្មភាព ការងារស្ម័គ្រចិត្តលើកដំបូង ផ្ទាល់របស់ លោកគឺ ការបរិច្ចាគឈាមនិង បានលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យមួយនេះ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង៕ដោយសំនៀង
