ភ្នំពេញ ៖ លោកស្រី Beth Van Duyne សមាជិកសភា សហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការចំនួន២ នៃសភាសហរដ្ឋអាម៉េរិក បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញការវិនិយោគ ពីអាម៉េរិកមកកាន់កម្ពុជា ក៏ដូចជា ការបង្កើនសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែផុលផុស។
លោកស្រី Beth Van Duyne បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅសហរដ្ឋអាម៉េរិក។

អមដោយ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និងឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ ។
កិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅ លោកស្រី អំពីវឌ្ឍនភាពនៃការអភិវឌ្ឍថ្មីៗបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបានលើកឡើងអំពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្នាំនេះជាខួបលើកទី ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិង សហរដ្ឋអាម៉េរិក។

ជាមួយនឹងទំនាក់ទំនង ដែលមានអាយុកាល ជិតមួយសតវត្សរ៍ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ពីពីសហរដ្ឋអាម៉េរិកមកកាន់ប្រទេសកម្ពុជា។
ស្របទៅនឹងការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី, លោកស្រី ក៏បានបង្ហាញពីការគាំទ្រ យ៉ាងពេញទំហឹងក្នុង ការជំរុញការវិនិយោគ ពីសហរដ្ឋអាម៉េរិក មកកាន់កម្ពុជា ក៏ដូចជាការបង្កើនសកម្មភាព ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែផុលផុស ។

ជាមួយគ្នានេះ លោកស្រី ក៏បានលើកឡើងអំពីការពិនិត្យ លទ្ធភាពក្នុងការបង្កើន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាម៉េរិក ពាក់ព័ន្ធលើវិស័យអាទិភាព មួយចំនួនផងដែរ៕
