ព័ត៌មានអន្តរជាតិ

VinSpeed ដែលបង្កើតឡើង ដោយមហាសេដ្ឋី វៀតណាម Pham Nhat Vuong ស្នើសុំគម្រោងរថភ្លើងល្បឿន លឿនតម្លៃ ៦១ពាន់លានដុល្លារ

xinhua

បរទេស៖ VinSpeed ដែលបង្កើតឡើងដោយមហាសេដ្ឋី វៀតណាមលោក Pham Nhat Vuong បានស្នើយន្តការថ្មី ជាបន្តបន្ទាប់សម្រាប់គម្រោង ផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង តម្លៃ ៦១ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋសភារបស់ ប្រទេសវៀតណាម បានអនុម័តគម្រោងវិនិយោគ កាលពីខែវិច្ឆិកាឆ្នាំមុន ជាមួយនឹងការចំណាយបឋមប្រហែល ៦៧ពាន់លានដុល្លារ ដែលស្មើនឹងប្រហែល ១៤ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់វៀតណាមឆ្នាំ២០២៤ ។

VinSpeed ដែលជាក្រុមហ៊ុនទើបបង្កើតថ្មីនៅក្រោមក្រុមហ៊ុន Vingroup របស់មហាសេដ្ឋី Pham Nhat Vuong ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុត របស់វៀតណាម ថ្មីៗនេះបានដាក់សំណើសាងសង់ផ្លូវរថភ្លើងក្នុងតម្លៃ ៦១,៣៥ ពាន់លានដុល្លារ ដោយមិន រាប់បញ្ចូលការចំណាយសម្រាប់ការបោសសំអាតទីតាំង។ គម្រោងនេះនឹងចាប់ផ្តើមការ សាងសង់នៅខែធ្នូនេះ ហើយនឹងមានដំណើរការខ្សែរថភ្លើងទាំងមូលនៅខែធ្នូ ឆ្នាំ២០៣០។

គម្រោងផ្លូវរថភ្លើងល្បឿន លឿនខាងជើង -ខាងត្បូង ត្រូវបានអនុម័តជាគម្រោង វិនិយោគសាធារណៈ ដោយមានរដ្ឋជាអ្នកវិនិយោគ។

ទោះជាយ៉ាងណាក៏ដោយ VinSpeed បានស្នើគំរូវិនិយោគ ឯកជនដោយផ្ទាល់ជំនួសវិញ ដែលនឹងធ្វើឱ្យវាក្លាយ ជាអ្នកវិនិយោគ និងអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រង ប្រតិបត្តិការ និងធ្វើពាណិជ្ជកម្មគម្រោងនេះ ។ អ្នកជំនាញគាំទ្រគំនិត នៃការអនុញ្ញាត ឱ្យវិស័យឯកជនដើរតួនាទីនាំមុខគេ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ។

លោក Le Duy Binh នាយកប្រតិបត្តិ នៃក្រុមហ៊ុនប្រឹក្សា Economica Vietnam បាននិយាយថា នេះជួយប្រមូលមូល ធនឯកជន និងធានាថាតម្រូវការថវិកាត្រូវបានបំពេញដោយមិនប៉ះពាល់ដល់ថវិការដ្ឋ ឬបំណុលរបស់រដ្ឋាភិបាល៕
ប្រែសម្រួលៈ ណៃ តុលា

To Top