បរទេស៖ ប្រទេសចិនកំពុងរៀបចំដាក់ឱ្យដំណើរការនូវអ្វីដែលខ្លួននិយាយថា ជាយន្តហោះ “ដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក” ដំបូងបង្អស់របស់ពិភពលោក ដែលមានសមត្ថភាពបញ្ចេញនូវយន្តហោះដ្រូន kamikaze ដែលដឹកនាំដោយ AI ក្នុងអំឡុងពេលបេសកកម្មនៅរយៈកម្ពស់ខ្ពស់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងដោយយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ថា យាន Jiu Tian ឬ ‘High Sky’ UAV គ្រោងនឹងបញ្ចប់បេសកកម្មសាកល្បងដំបូងរបស់ខ្លួននៅចុងខែមិថុនា ។
យន្តហោះនេះត្រូវបានគេនិយាយថា មានទម្ងន់ហោះឡើងអតិបរមា ១៦ តោន និងស្លាបប្រវែង ២៥ ម៉ែត្រ។ វាត្រូវបានគេរាយការណ៍ថាអាចហោះហើរបានក្នុងរយៈកំពស់រហូតដល់ ១៥.០០០ ម៉ែត្រ ខ្ពស់ជាងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យមទូទៅបំផុត និងហោះបានចម្ងាយប្រហែល ៧.០០០ គីឡូម៉ែត្រ ។
យន្តហោះ Jiu Tian ត្រូវបានគេរាយការណ៍ថា មានសមត្ថភាពផ្ទុកគ្រាប់រំសេវរហូតដល់ ៦ តោន ជាមួយនឹងសមត្ថភាពបញ្ចេញគ្រាប់រហូតដល់ ១០០ គ្រាប់ ឬយន្តហោះគ្មានមនុស្សបើកតូចៗ រួមទាំង UAVs kamikaze ពីច្រកបាញ់បង្ហោះចំនួនពីរដែលស្ថិតនៅផ្នែកម្ខាងនៃតួយន្តហោះ។
បន្ទាប់ពីយន្តហោះបានបញ្ចប់បេសកកម្មសាកល្បងជាបន្តបន្ទាប់ កងទ័ពរំដោះប្រជាជន (PLA) របស់ចិន គ្រោងនឹងដាក់ពង្រាយវាជា “យានអវកាសមេគ្មានមនុស្សបើក” UAV ដែលនឹងធ្វើឱ្យវាអាចពង្រីកកាំប្រតិបត្តិការនៃយន្តហោះគ្មានមនុស្សបើកវាយប្រហារ និងបង្កើនសមត្ថភាពវាយលុករបស់ពួកគេ។ គេក៏នឹងអាចប្រើយន្តហោះប្រភេទនេះ នៅក្នុងកិច្ចការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ ក៏ដូចជាសង្គ្រាមអេឡិចត្រូនិកផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
