ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មិនមែនមានតែកម្ពុជា នោះទេ ដែលបានធ្វើសកម្មភាពគាស់កកាយភ្នំយកថ្ម ដើម្បីផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសង្គមប៉ុណ្ណោះ សូម្បីប្រទេសចិន និងប្រទេស ជាច្រើនទៀត ក្នុងពិភពលោក រួមទាំងប្រទេសជាសមាជិក អាស៊ាន ក៏បានធ្វើសកម្មភាព កាយភ្នំយកថ្មផងដែរ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ២០ ឧសភានេះ សម្ដេចធិបតីបានពន្យល់អំពីការ គាស់កកាយភ្នំ ដើម្បីយកថ្មដើម្បីផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានានោះ គឺមានការគិតគូយ៉ាង ម៉ត់ចត់មុន នឹងសម្រេចចិត្តកាយយកថ្មនេះ ដោយមិនមែនចេះតែធ្វើដោយគ្មានបច្ចេកទេស ត្រឹមត្រូវនោះទេ ។
សម្តេចធិបតីមានប្រសាសន៍បន្តថា សកម្មភាព នៃការកកាយថ្មនេះ មិនមែនមានតែនៅកម្ពុជាទេ សូម្បីចិន សិង្ហបុរី និងបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ក៏មានដែរ ដើម្បីផលិតស៊ីម៉ង់ត៍ យកមកអភិវឌ្ឍន៍ប្រទេស ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍អះអាងថា ការកកាយថ្មភ្នំនេះ ក៏ជាការរួមចំណែកមួយក្នុងការកាត់បន្ថយនាំចូលស៊ីម៉ង់ គ្រួស ថ្ម និងខ្សាច់ពីក្រៅប្រទេសផងដែរ ។
សម្តេចធិបតីគូសបញ្ជាក់ថា “សួរថា ហេតុអ្វីបានជាកម្ពុជាត្រូវធ្វើរោងចក្រផលិតស៊ីម៉ង់ត៍ ។ មានបងប្អូនខ្លះលើកឡើងថា ស្រុកខ្មែរវ៉ៃខ្ទេចហើយភ្នំ មានអ្នកខ្លះគេនិយាយថា ស្រុកចិន គេថែទាំងអស់ភ្នំ ភ្នំគេដាំសុទ្ធតែបន្លែ មានតែភ្នំខ្មែរវ៉ៃយកថ្ម ។ ខ្ញុំវាយតាមហ្គូលហ្គោល ឃើញចិនសុទ្ធតែរណ្តៅថ្ម ។ បើគាត់ទៅថតភ្នំដែលធ្វើកសិកម្ម ត្រូវហើយ ឃើញគេដាំដើមឈើ លើនុងហើយហើយ ។ យើងទៅថតរតនគិរី មណ្ឌលគិរីកន្លែង គេដាំចេកក៏ឃើញដែរ ។ ខ្ញុំឆែកនៅក្នុងប្រទេស អាស៊ានទាំង១០គ្មានប្រទេសណាមួយអត់ធ្វើរ៉ែទេ សូម្បីតែសាំងហ្គាពួរប្រទេសតូចក៏មានធ្វើអាជីវកម្មរ៉ែដែរ” ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានរំលឹកថា កាលពីឆ្នាំ១៩៦១ កម្ពុជាធ្លាប់មានរោងចក្រផលិត ស៊ីម៉ងត៍ ដែលផលិតបានច្រើន និងមានគុណភាព ប៉ុន្តែដោយមានសង្គ្រាមកើតឡើងបានបំផ្លិតបំផ្លាញរោងចក្រ តែក្រោយបញ្ចប់សង្គ្រាម រោងចក្រផលិតស៊ីម៉ង់ត៍ ក៏បានងើបឡើងវិញ ហើយក៏ដួលទៅវិញ ទើបតែនៅឆ្នាំ២០០៧ វិស័យនេះក៏បានរីកចម្រើន បន្តិចម្ដងៗ រហូតមានសមត្ថភាពនាំចេញទៅក្រៅ ប្រទេសរហូតមកដល់សព្វថ្ងៃ ៕
