ព័ត៌មានជាតិ

បណ្ឌិត ម៉ៅ ហាវណ្ណាល់ ពិនិត្យគម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ មុនត្រៀមបើកដំណើរការ

ភ្នំពេញ ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលនៅថ្ងៃ២០ ឧសភានេះបានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំក្រុមការងារ បច្ចេកទេស ចុះត្រួតពិនិត្យ និងប្រជុំវាយតម្លៃ លើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀម បើកដំណើរការអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ ។នេះបើតាមការចុះផ្សាយរបស់ផេករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ។

ក្នុងឱកាសនេះក៏មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំនិងសមាជិក គណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងារ រៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)និងក្រុមការងារ និងមន្ត្រីបច្ចេកទេសបុគ្គលិកពាក់ព័ន្ធផ្សេងទៀត។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់នាថ្ងៃ២០ ឧសភានេះ គឺជាពេលវេលានៃការបិទបញ្ចប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃទៅលើការបើកប្រតិបត្តិការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលខាងមុខ ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលកាលពីពីថ្ងៃ១៣ ឧសភាថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ គឺជាថ្ងៃគោលដៅដែលភាគីពាក់ព័ន្ធបានគ្រោងទុក ក្នុងការដាក់ឲ្យប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA/ KTI) ស្ថិតនៅខេត្តកណ្តាល ។ ជាមួយគ្នានេះ បើសិនគ្មានការប្រែប្រួលអ្វីនោះទេ ព្រលានយន្តហោះពោធិ៍ចិនតុង ក៏នឹងបិទដំណើរ ការទាំងស្រុង នៅរាត្រីថ្ងៃ៩ឈានចូលថ្ងៃ១០កក្កដាផងដែរ ហើយប្រតិបត្តិការទាំងអស់ នឹងត្រូវរុះរើទាំងស្រុង ទៅកាន់ព្រលាន យន្តហោះអន្តរជាតិ តេជោតាមការគ្រោងទុក៕

To Top