ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូន លោក ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

សម្តេច ប្រធានរដ្ឋសភា បានលើកឡើងបន្តថា ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា មានសារៈសំខាន់ណាស់ ដោយសារសភាតំណាងពលរដ្ឋ ។ ផ្តើមចេញពីទំនាក់ទំនងសភានេះ នឹងលើកកម្ពស់ដល់ការភ្ជាប់ ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កាន់តែស៊ីជម្រៅ មានការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំជាដើម។
សម្តេច បានសង្កត់ធ្ងន់ថា ភាពតានតឹងផ្នែក ភូមិសាស្ត្រនយោបាយ និងការបែកបាក់សេដ្ឋកិច្ចកំពុងកើនឡើង បានបង្កជាវិបត្តិនិងក្តីបារម្ភចំពោះពលរដ្ឋ ។ ការរឹតចំណងមិត្តភាពកម្ពុជានឹងហុងគ្រី នៅក្នុងកាលៈទេសៈមិនត្រឹមធានាបាន នូវផលប្រយោជន៍ ជូនពលរដ្ឋ ប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានចួលរួមចំណែកដល់ការ លើកកម្ពស់គោលការណ៍ ពហុនិយម កាត់បន្ថយហានិភ័យដែលបានរំខាន ដល់សេចក្តីសុខពលរដ្ឋជាសកល បានទៀតផង។

លោក ធីប័រ បាឡូកឌី គូសបញ្ជាក់ថា ប្រទេសកម្ពុជា និងហុងគ្រីមានលក្ខណៈភូមិសាស្រ្តនិងប្រវត្តិសាស្រ្តស្រដៀងគ្នា ពោលមានផ្ទៃដីនិងចំនួនពលរដ្ឋប្រហាក់ប្រហែលគ្នា។ ប្រការនេះបានធ្វើឱ្យប្រទេសទំាងពីរយល់ពីគ្នាបានយ៉ាងច្បាស់។ ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសហុគ្រីវិញ លោកបានជម្រាប ជូនពីពង្រាងគម្រោងកម្មវិធី៕
