ព័ត៌មានអន្តរជាតិ

តុលាការកំពូលថៃ កាត់ទោសតារា Rock «សេក ឡូសូ» ឲ្យជាប់ពន្ធនាគារជាង២ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន កាន់កាប់អាវុធខុសច្បាប់ និងតទល់នឹងការ ចាប់ខ្លួនរបស់ប៉ូលីស

pattayamail

បរទេស៖ តុលាការកំពូលរបស់ប្រទេសថៃ បានកាត់ទោសអ្នកលេងតន្រ្តីបែប Rock គឺលោក សេក ឡូសូ (ឈ្មោះពិត សេកសាន ស៊ុកភីម៉ៃ) ឱ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ ១២ខែ និង២០ថ្ងៃ ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា ខ្លាំងជាមួយប៉ូលិសកាលពីឆ្នាំ ២០១៧ ។

យោងតាមវែបសាយ Pataya Mail បានឱ្យដឹង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា ករណីនេះកើតចេញ ពីឧប្បត្តិហេតុកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅពេលដែលប៉ូលិសប៉ុនប៉ងចាប់ខ្លួនលោក សេក នៅឯផ្ទះរបស់លោក តាមដីកាចេញដោយតុលាការ ខេត្ត Nakhon Si Thammarat ជុំវិញការចោទប្រកាន់ពាក់ព័ន្ធ ពីបទបាញ់កាំភ្លើង ទៅលើអាកាស។ លោកសេក​បាន​ តទល់​នឹង​ការ​ចាប់​ខ្លួន​នោះ និង​បានគំរាម​ប្រើ​អាវុធ​ ដែល​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពី​អង្គភាព​យុទ្ធសាស្ត្រ​ប៉ូលិស​វរជន​ដើម្បី​បង្ក្រាប​។

សាលក្រមដំបូង របស់តុលាការឆ្នាំ ២០១៨ បានរកឃើញថា សេក មានពិរុទ្ធភាពលើគ្រប់បទល្មើស ដោយផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ១៨ ខែ ពីបទល្មើសផ្សេងៗ រួមមាន កាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត តទល់នឹងនគរបាល ដែលមានអាវុធ និងប្រើប្រាស់គ្រឿងញៀន។ បន្ថែម ១ ឆ្នាំ ៣ ខែពីការផ្តន្ទាទោសពីមុនត្រូវ បានបន្ថែមដែលនាំឱ្យសរុបទៅ ២ ឆ្នាំ ២១ ខែ។

លោក សេក បាន​ប្តឹង​ឧទ្ធរណ៍ ហើយ​នៅ​ឆ្នាំ ២០២០ សាលា​ឧទ្ធរណ៍​បាន​កាត់​បន្ថយ​ទោស​ពាក់ព័ន្ធ​នឹង​អាវុធ​បានបន្តិច ដែល​ជា​លទ្ធផល​ដាក់​ទោស​រួម​បញ្ចូល​គ្នា ២ ឆ្នាំ ១៨ ខែ។ ពេលនេះ តុលាការកំពូលបានចេញសាលដីកាស្ថាពរ ដោយកែសម្រួលទោសដាក់ពន្ធនាគារ ២ឆ្នាំ ១២ខែ និង២០ថ្ងៃ ដោយមិនមានការព្យួរទោសឡើយ។

លោក សេក ឡូសូ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​បណ្តឹង​ឧទ្ធរណ៍​ដោយ​កំណត់​ប្រាក់​ធានា​ចំនួន ៦០ ម៉ឺន​បាត។ តាម​ការ​សម្រេច​កាលពី​ថ្ងៃ​អង្គារ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ឃុំ​ខ្លួន​និង​ផ្ទេរ​ទៅ​ពន្ធនាគារ Min Buri Remand ដើម្បី​ចាប់​ផ្តើម​កាត់​ទោស​។

តុលាការ​បាន​ច្រានចោល​ការ​អះអាង​របស់​លោក សេក ដែល​ថាលោកមាន​បញ្ហា​ ផ្លូវចិត្ត​ដោយសារ​ភាពខូចសណ្ដាប់ធ្នាប់នៃស្មារតី ដោយ​តុលាការបញ្ជាក់​ថា លោក​បាន​ដឹង​ច្បាស់​ពី​ទង្វើ​ របស់​លោកនៅ​ពេល​ប្រព្រឹត្ត​បទល្មើស៕
ប្រែសម្រួលៈ ណៃ តុលា

To Top