ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ជប៉ុន លាលែងពីតំណែង ក្រោយលើកឡើងថា លោកមិនដែលទិញអង្ករនោះទេ ក្នុងពេលអង្ករឡើងថ្លៃ

Kyodo

បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសជប៉ុន គឺលោក Taku Eto បានដាក់លិខិតលាលែងពីតំណែងទៅនាយករដ្ឋមន្ត្រី Shigeru Ishiba ជុំវិញកំហុសដែលគួរឱ្យខ្មាសអៀននាពេលថ្មីៗនេះទាក់ទងនឹងអង្ករ ដែលជាការអត្ថាធិប្បាយដែលបង្កឱ្យមានកំហឹងជាសាធារណៈចំពោះការកើនឡើងនៃតម្លៃអាហារសំខាន់ជាងគេ។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Eto ដែលមានអាយុ ៦៤ ឆ្នាំ នឹងក្លាយជារដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីដំបូងគេដែលបានលាលែងពីតំណែងចាប់តាំងពីលោក Ishiba បានចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុន។

ក្នុងអំឡុងពេលសុន្ទរកថានៅទីក្រុង Saga កាលពីថ្ងៃអាទិត្យ លោក Eto បាននិយាយថា លោកមិនដែលទិញអង្ករទេ ខណៈដែលលោកទទួលបានអាហារសំខាន់ៗជាច្រើនពីអ្នកគាំទ្ររបស់លោក ហើយដែលលោកអាចលក់វាបានថែមទៀត។ ការលើកឡើងបែបនេះ បាននាំឱ្យមានការរិះគន់ពីសមាជិកសភាទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ព្រមទាំងសាធារណជនទូទៅផងដែរ។

កាលពីថ្ងៃចន្ទ លោក Ishiba ជានាយករដ្ឋមន្រ្តី បានស្តីបន្ទោសលោក Eto ជុំវិញការលើកឡើងនេះ ខណៈដែលបង្ហាញពីចេតនាចង់រក្សារដ្ឋមន្ត្រីក្រសួងកសិកម្មឲ្យកាន់តំណែង។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃអង្គារ គណបក្សប្រជាធិបតេយ្យធម្មនុញ្ញ របស់ប្រទេសជប៉ុន និងគណបក្សប្រឆាំងចំនួនបួនផ្សេងទៀត បានព្រមព្រៀងគ្នាទាមទារឱ្យមានការបណ្តេញចេញ ឬ ឱ្យមានការលាលែងពីតំណែងរបស់លោក Eto ហើយពិចារណាដាក់សំណើដកសេចក្តីទុកចិត្តប្រឆាំងនឹងលោក។

មនុស្សដែលដឹងពីបញ្ហានេះបាននិយាយថា លោក Ishiba បានផ្លាស់ប្តូរគំនិត ដោយហេតុថា សំណើដកសេចក្តីទុកចិត្ត ប្រសិនបើត្រូវបានណែនាំ គឺអាចនឹងត្រូវអនុម័តនៅពេលដែលគាត់ដឹកនាំរដ្ឋាភិបាលជនជាតិភាគតិច៕

ប្រែសម្រួលៈ ណៃ តុលា

To Top