ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានឲ្យដឹងថា ប្រទេសនេះត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់មួយ សម្រាប់ពិភពលោក ដោយសារថាមពលបម្រុង ដ៏ច្រើនសន្ធឹកសន្ធាប់ និងសក្តានុពលកកើតឡើងវិញ។
ថ្លែងនៅក្នុងពិធីបើកសន្និបាត និងពិព័រណ៍សមាគមប្រេង ឥណ្ឌូណេស៊ីលើកទី៤៩ នៅទីក្រុង Tangerang កាលពីថ្ងៃពុធ លោក Prabowo បានសង្កត់ធ្ងន់លើជំហរយុទ្ធសាស្ត្រ របស់ឥណ្ឌូនេស៊ីក្នុងការបំពេញតម្រូវការថាមពលសកល។
លោកបានលើកឡើងថា “សក្តានុពលថាមពល របស់យើង គឺធំធេងណាស់ ចាប់ពីឥន្ធនៈហ្វូស៊ីល រហូតដល់ថាមពល កកើតឡើង វិញដូចជា កំដៅផែនដី វារីអគ្គិសនី ខ្យល់ និងថាមពលរលក។ យើងមានសុទិដ្ឋិនិយមថា ប្រទេសឥណ្ឌូនេស៊ីនឹងមិនត្រឹមតែសម្រេច បាននូវថាមពលគ្រប់គ្រាន់ដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ ថាមពលដល់ពិភពលោកផងដែរ”។
លោកប្រធានាធិបតីបានកត់សម្គាល់ថា ឥណ្ឌូណេស៊ីនៅតែកាន់កាប់ប្លុកប្រេង និងឧស្ម័នរាប់សិបកន្លែង ដែលមិនទាន់បានរុករក ដោយផ្តល់ឱកាសយ៉ាងសំខាន់ សម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេស។
ដើម្បីពន្លឿនការអភិវឌ្ឍន៍ លោកបានអំពាវនាវឱ្យមានការសហការគ្នា កាន់តែខ្លាំងរវាងរដ្ឋាភិបាល វិស័យឯកជន និងសហគ្រាសរដ្ឋ៕
ប្រែសម្រួល ឈូក បូរ៉ា
