បរទេស៖ ទីក្រុងប៉េកាំង បានចោទសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់អឺរ៉ុបអំពី ការអនុវត្ត “ស្តង់ដារពីរ” បន្ទាប់ពីរលកចុងក្រោយ នៃទណ្ឌកម្ម ដែលផ្តោតលើប្រទេសរុស្ស៊ី និងក្រុមហ៊ុនចិន ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់យោធា របស់ទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កញ្ចប់ទណ្ឌកម្មលើកទី ១៧ របស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ដែលបានអនុម័តកាលពីថ្ងៃអង្គារ កំណត់គោលដៅលើអ្វីដែលប្លុកនេះអះអាងថា ជាកងនាវាស្រមោលរបស់ប្រទេសដែលប្រើសម្រាប់ដឹកជញ្ជូនប្រេងឆៅ។ ក្រុមហ៊ុនចិនជាច្រើនដែលត្រូវបានចោទថា បានផ្គត់ផ្គង់ដល់ទីក្រុងមូស្គូជាមួយនឹងគ្រឿងបន្លាស់ យន្តហោះគ្មានមនុស្សបើក និងមីក្រូអេឡិចត្រូនិច ក៏ត្រូវបានរួមបញ្ចូលនៅក្នុងវិធានការនេះផងដែរ ។ ចក្រភពអង់គ្លេសបានសម្របសម្រួលជាមួយ ទីក្រុងព្រុចសែល ដោយបានបន្ថែមនាវាចំនួន ១៨ ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ។
ឆ្លើយតបទៅនឹងវិធានការនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកសយរី Mao Ning កាលពីថ្ងៃពុធបានច្រានចោលការចោទប្រកាន់នេះ ហើយបានព្រមានប្រឆាំងនឹងការរំខាន ដល់ការផ្លាស់ប្តូរពាណិជ្ជកម្មធម្មតា រវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើការនាំចេញទំនិញប្រើប្រាស់ពីរប្រភេទ ហើយបានទទូចថា ទីក្រុងប៉េកាំងមិនបានផ្គត់ផ្គង់ អាវុធធុនធ្ងន់ណាមួយដល់ភាគីពាក់ព័ន្ធ ក្នុងជម្លោះអ៊ុយក្រែននោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
