ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ ៤F។ ចំណែកឯពិធីសម្ពោធជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចេញផ្សាយនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ ដូចខាងក្រោម៖
- កំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។
- កំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
