ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា និងអាមេរិក បន្តការចរចាគ្នា ទោះបីមានចំណុចបែកបាក់គ្នាមួយចំនួន

xinhua

ការ៉ាកាស៖ រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បានឲ្យដឹងថា កិច្ចពិភាក្សារវាងប្រទេសវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក ត្រូវបានបន្ត ហើយកំពុងធ្វើឱ្យមានវឌ្ឍនភាព ក្នុងផលប្រយោជន៍នៃប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍របស់គាត់ លោក Cabello បានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រគល់បេសកជនពិសេសលោក Richard Grenell ឱ្យដឹកនាំបណ្តាញសន្ទនាមួយ ដែលមានគោលបំណងឈានដល់ កិច្ចព្រមព្រៀងដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ជាមួយទីក្រុងការ៉ាកាស។

លោកបានបន្ថែមថា ដំណើរការទំនាក់ទំនងរវាងប្រទេសទាំងពីរ មានដំណើរការដោយមិនប្រុងប្រយ័ត្នក្នុងរយៈពេលមួយខែកន្លងមកនេះ។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អ្នកតំណាងជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងវេណេស៊ុយអេឡាបានជួបពិភាក្សាគ្នានៅ Antigua និង Barbuda ។ លោករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចប្រជុំបានបញ្ជាក់ពីឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការបន្តការកសាងទំនុកចិត្ត បើទោះបីជាមានភាពខុសគ្នា ខាងមនោគមវិជ្ជាយ៉ាងជ្រាលជ្រៅក៏ដោយ។

កាលពីថ្ងៃច័ន្ទ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យរដ្ឋបាលលោក ត្រាំ ដកហូតឋានៈការពារសម្រាប់ជនចំណាកស្រុក វេណេស៊ុយអេឡារាប់ពាន់នាក់ ដោយទទួលបានការរិះគន់ពីប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ។ មួយថ្ងៃក្រោយមក វេណេស៊ុយអេឡា បានដោះលែងទាហានជើងចាស់អាមេរិកម្នាក់ ដែលជាប់គុកក្នុងកាយវិការមួយ ដែលត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយភាពតានតឹង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top