ព្រះសីហនុ ៖ ថ្ងៃចន្ទទី២៦ ខែ ឧសភា ឆ្នាំ២០២៥ ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក អញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទសមយុទ្ធ លើលំហសមយុទ្ធប្រព្រឹត្តទៅ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការីនាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធលើផ្ទៃសមុទ្រ រវាងកងទ័ពជើងទឹកកម្ពុជា និង កងទ័ពជើងទឹករំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំង ពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» ធ្វើឡើងនៅខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ប្រកបដោយភាពជោគជ័យ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកង័ពកម្ពុជា-ចិន។

តាមសេចក្តីរាយការណ៍ របស់ប្រធានគណៈកម្មការ ដឹកនាំធ្វើសមយុទ្ធបានឱ្យដឹងថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវ ធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ ការបង្កើនសមត្ថភាពលើប្រតិបត្តិការ ប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទល់និងបញ្ហាប្រឈមនានា រួមចំណែកក្នុងការថែរក្សាស្ថិរភាព និងការពារសន្តិភាពក្នុងតំបន់។

សមយុទ្ធនាគមាសកងទ័ពជើងទឹកលើកទី២ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពចិន ធ្វើឡើងក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួម ពីរកងទ័ពជើងទឹកកម្ពុជា-ចិន សរុប ៦៧៧ នាក់ ក្នុងនោះសមយុទ្ធជើងទឹក កងទ័ពប្រទេសទាំងពីរ បានប្រើប្រាស់នាវាចំនួន១០ គ្រឿង កម្ពុជាមាននាវាចូលរួមចំនួន ៧គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង, កងទ័ពចិនមាននាវាចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ដែលចាប់ជំរិតលើនាវាដឹកទំនិញ ៕



