ព័ត៌មានជាតិ

ACU ឃាត់ខ្លួនអធិការរងស្រុកបវេល ទៅតុលាការពាក់ព័ន្ធទទួលសំណូកជិត ១លានដុល្លារ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានឃាត់ខ្លួនអធិការរងស្រុកបវេល ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរត់ការសូកប៉ាន់ដោះលែងជនជាតិថៃ ៤៣នាក់ ជាថ្នូរថវិកាចំនួន ៧៧៤.០០០ដុល្លារ។

លោក សយ ច័ន្ទវិចិត្រ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៦ ឧសភាថា អង្គភាពបានបញ្ជូនសំណុំរឿងមួយទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលមានជនសង្ស័យភេទប្រុសឈ្មោះ វ៉ន វាសនា (ហៅ Mr Dorn) មានតួនាទីជាអធិការរង នៃអធិការដ្ឋានស្រុកបវេល, និង ឈ្មោះតាំង សំណាង (ឫ សុខ ច័ន្ទសំណាង) តួនាទីជាជំនួយការអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិដែលបានឃុបឃិតគ្នាប៉ុនប៉ងរត់ការសូកប៉ាន់ប្រាក់ចំនួន ៧៧៤.០០០ដុល្លារ និងអ្នកពាក់ព័ន្ធ ផ្សេងទៀត ដើម្បីឱ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ដែលសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន ដោយមូលហេតុស្នាក់នៅនិងធ្វើការខុសច្បាប់។

លោកបន្តថា ទង្វើជនសង្ស័យទាំងនោះ មានធាតុផ្សំនៃបទល្មើសប៉ុនប៉ងសូកប៉ាន់ តាមប្បញ្ញត្តិមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ២៧ (និយមន័យប៉ុនប៉ង) និងមាត្រា ៦០៥ (បទសូកប៉ាន់នៃក្រមព្រហ្មទណ្ឌ)។

លោកថា ដោយឡែក វ៉ន វាសនា បានយកប្រាក់ដែលខ្លួនទទួលបានពីកម្រៃរត់ការ ទៅដាក់ធនាគារ និងប្រើប្រាស់ ដែលជាធាតុផ្សំនៃបទល្មើសលាងសម្អាតប្រាក់ តាមបទប្បញ្ញត្តិមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ។

អ្នកនាំពាក្យឲ្យដឹងទៀតថា ផ្តើមចេញពីប្រតិបត្តិការ របស់ក្រុមការងារចម្រុះនៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចុះពិនិត្យ និងវាយតម្លៃចំពោះការស្នាក់នៅ និងធ្វើការរបស់ជនបរទេសក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលនោះសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិថៃ ចំនួន ៤៣នាក់ ដែលស្នាក់នៅនិងធ្វើការដោយខុសច្បាប់។ ក្រោយមកពីថ្ងៃទី៤-៦ ខែឧសភា ឆ្នាំ២០២៥ ជនសង្ស័យទាំងនោះ បានឃុបឃិតគ្នាយកប្រាក់ចំនួន ៧៧៤.០០០ដុល្លារ រត់ការសូកប៉ាន់ ដើម្បីឲ្យមានការ ដោះលែងអ្នកទាំង៤៣នាក់ដែលបានឃាត់ខ្លួន ប៉ុន្តែផែនការរត់ការដោះលែងមិនបានជោគជ័យឡើយ ដោយអ្នកទាំង ៤៣នាក់ ត្រូវបានសមត្ថកិច្ចចាត់នីតិវិធីបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។

លោក សយ ច័ន្ទវិចិត្រ បន្ថែមថា ក្នុងនោះជនសង្ស័យរួមមាន ៖ វ៉ន វាសនា និង តាំង សំណាង និង៤នាក់ (គ្មានខ្លួន) ត្រូវបានACU កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥៕

To Top