ភ្នំពេញ ៖ ក្រោយពីទទួលយកញត្តិ របស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឲ្យ ប្រជាជន និងយុវជន ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន៥០អង្គភាព ដែលស្នើសុំឲ្យដកសិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុននោះ តុលាការកំពូល នឹងបញ្ជូនញត្តិនេះ ទៅសាលាឧទ្ធរណ៍ភ្នំពេញវិញ ។
ការបញ្ជូនញត្តិនេះទៅសាលាឧទ្ធរណ៍ភ្នំពេញវិញនេះ ដោយសារជាកម្មវត្ថុ នៃការស្នើសុំក្នុងញត្តិស្ថិត នៅក្នុងសមត្ថកិច្ច របស់សាលាឧទ្ធរណ៍ភ្នំពេញ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យតុលាការកំពូល នាថ្ងៃ២៦ ឧសភា បានឲ្យដឹងថា “ដោយហេតុថា សំណុំរឿងដែលជាកម្មវត្ថុ នៃការស្នើសុំក្នុងញត្តិស្ថិតនៅក្នុងសមត្ថកិច្ច របស់សាលាឧទ្ធរណ៍ភ្នំពេញ ដូច្នេះតុលាការកំពូល នឹងបញ្ជូនញត្តិនេះទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពិនិត្យ ពិចារណាជាសមត្ថកិច្ចតាមច្បាប់ជាធរមាន” ។
ក្នុងនោះតុលាការកំពូល នឹងតាមពិនិត្យមើលការដោះស្រាយ សំណូមពរនៃញត្តិនេះនៅសាលាឧទ្ធរណ៍ភ្នំពេញបន្តទៀត ។
កាលពីថ្ងៃ២៣ ឧសភា តុលាការកំពូលបាន ទទួលញត្តិរួមមួយ របស់តំណាងអង្គការ សង្គមស៊ីវិលជិត៥០អង្គភាព ដើម្បីស្នើសុំតុលាការកំពូល ពិនិត្យសំណុំរឿងក្តីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដើម្បីដកសិទ្ធិមិន ឲ្យធ្វើនយោបាយបន្តទៀត ។ ញត្តិបានបញ្ជាក់ពីមូលហេតុនៃការស្នើសុំដកសិទ្ធិធ្វើនយោបាយ បន្ទាប់ពីលោក រ៉ុង ឈុន ញុះញង់ពាក់ព័ន្ធ នឹងករណីព្រំដែន ទោះបីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោកដកសិទ្ធិនយោបាយ ប៉ុន្តែបច្ចុប្បន្នលោក រ៉ុង ឈុន មិនត្រឹមតែមិនព្រមអនុវត្តតាមនោះទេ ថែមទាំងធ្វើសកម្មភាពនយោបាយជាបន្តបន្ទាប់ មិនរាងចាលដោយមិនគោរពសេចក្តីសម្រេច របស់តុលាការ។
ក្រុមអង្គការសង្គមស៊ីវិល បានអះអាងថា ទង្វើដែលមើលស្រាលច្បាប់បែបនេះរបស់លោក រ៉ុង ឈុនបានធ្វើឲ្យពួកគេ ព្រួយបារម្ភពីសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលប្រជាជនកម្ពុជា កំពុងមាននាពេលបច្ចុប្បន្ន ដែលបានមកដោយ លំបាកបំផុត ប៉ុន្តែបែរជាត្រូវបាននិងកំពុងបន្តគំរាមកំហែង ដោយក្រុមនយោបាយជ្រុល និយមរបស់លោក សម រង្ស៊ី ៕
