ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរបញ្ចកោណ ជំរុញឱ្យសម្ព័ន្ធមិត្តអាស៊ីវិ និយោគលើវិស័យការពារជាតិ ដើម្បីរារាំងចិន

kyodo

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានសន្យាពីការប្តេជ្ញាចិត្តរបស់ប្រទេសរបស់លោកក្នុងការទប់ស្កាត់ នូវអ្វីដែលលោកហៅថាការឈ្លានពានរបស់ចិនក្នុងអំឡុងសន្និសីទសន្តិសុខអាស៊ីដ៏សំខាន់នៅប្រទេសសិង្ហបុរី ដោយជំរុញឱ្យសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់វិនិយោគបន្ថែមទៀតលើវិស័យការពារជាតិដើម្បីទប់ទល់នឹងការគំរាមកំហែង។

ថ្លែងសុន្ទរកថានៅឯកិច្ចសន្ទនា Shangri-La ជាលើកដំបូងក្នុងនាមជាប្រធានមន្ទីរប៉ង់តាហ្គោន លោក Hegseth បានគូសបញ្ជាក់ពីការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន រួមទាំងចំពោះតៃវ៉ាន់ដោយថា “ទីក្រុងប៉េកាំង កំពុងរៀបចំយ៉ាងគួរឱ្យជឿជាក់ក្នុងការប្រើកម្លាំងយោធាដើម្បីផ្លាស់ប្តូរតុល្យភាពនៃអំណាចនៅឥណ្ឌូប៉ាស៊ីហ្វិក” ។

លោកបានលើកឡើងថា “ដើម្បីឱ្យច្បាស់ ការប៉ុនប៉ងណាមួយរបស់ចិនកុម្មុយនិស្ត ដើម្បីដណ្តើមយកកោះតៃវ៉ាន់ ដោយកម្លាំងនឹងនាំឱ្យមានផលវិបាកដ៏អាក្រក់ សម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងពិភពលោក។

ដោយកត់សម្គាល់ថាសមាជិកណាតូកំពុងសន្យាថានឹងចំណាយ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេលើវិស័យការពារជាតិ លោក Hegseth បានលើកឡើងថា “វាមិនសមហេតុផល សម្រាប់បណ្តាប្រទេសនៅអឺរ៉ុបក្នុងការធ្វើដូច្នេះទេ ខណៈដែលសម្ព័ន្ធមិត្តសំខាន់ៗនៅអាស៊ីចំណាយតិចជាងលើវិស័យការពារជាតិនៅពេលប្រឈមមុខនឹងការគំរាមកំហែងដ៏សាហាវជាងនេះ”។

លោកបានបន្ដថា “សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកអាច និងគួរតែធ្វើឱ្យប្រសើរឡើងនូវការការពារខ្លួនរបស់ពួកគេយ៉ាងឆាប់រហ័ស” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ខណៈពេលដែលការវិលត្រឡប់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់សេតវិមានបានបង្កើនការព្រួយបារម្ភអំពីវិធីសាស្រ្តទៅវាតែម្នាក់ឯង ចំពោះកិច្ចការបរទេស និងរបៀបប្រតិបត្តិការ លោក Hegseth បានធានាឡើងវិញថា គលលនយោបាយ “America First” មិនមានន័យថា “អាមេរិចតែម្នាក់ឯង” នោះទេ ហើយថាសហរដ្ឋអាមេរិក មានបំណងផ្តោតលើឥណ្ឌូប៉ាស៊ីហ្វិកបន្ថែមទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top