តូក្យូ៖ ប្រធានអ្នកចរចាពន្ធរបស់ប្រទេសជប៉ុន បានឲ្យដឹងថា លោកនិងសមាជិកគណៈរដ្ឋមន្ត្រីសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នានៅក្នុងកិច្ចពិភាក្សារបស់ពួកគេថា ពួកគេកំពុងធ្វើឱ្យមានការរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងពន្ធគយដ៏មានសក្តានុពលនៅដើមខែមិថុនា។
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutnick លោក Ryosei Akazawa រដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនទទួលបន្ទុកការស្តារសេដ្ឋកិច្ចឡើងវិញបានប្រាប់អ្នកសារព័ត៌មានថា ពួកគេមានគម្រោងរៀបចំការចរចាមួយផ្សេងទៀតមុនពេលកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ នៅពាក់កណ្តាលខែមិថុនា។
ទោះយ៉ាងណា លោក Akazawa បានកត់សម្គាល់ថា ជំហររបស់ទីក្រុងតូក្យូ ក្នុងការទាមទារឱ្យសហរដ្ឋអាមេរិក ដកពន្ធបន្ថែមទាំងអស់របស់ខ្លួនលើការនាំចូលរបស់ជប៉ុន មិនមានការផ្លាស់ប្តូរនោះទេ ហើយថាលោកបានជំរុញឱ្យពួកគេធ្វើដូច្នេះនៅក្នុងកិច្ចចរចាជុំទី៤ របស់លោកជាមួយសហរដ្ឋអាមេរិក ដែលមានរយៈពេលជាងពីរម៉ោង។
លោក Akazawa បានលើកឡើងថា “ប្រសិនបើអាចសម្រេចបាន យើងប្រហែលជាអាចយល់ព្រម ប៉ុន្តែបើមិនដូច្នេះទេ វានឹងពិបាកក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ហើយនោះ គឺជាជំហរបច្ចុប្បន្នរបស់យើង” ។ លោកបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការវិវឌ្ឍនេះ រួមទាំងផ្នែកណាដែលវាត្រូវបានគេធ្វើឡើង៕
ប្រែសម្រួល ឈូក បូរ៉ា
