ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអាមេរិក-ចិន ទំនងជានឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ជុំវិញបញ្ហាពាណិជ្ជកម្ម នៅក្នុងសប្ដាហ៍នេះ

xinhua

វ៉ាស៊ីនតោន៖ នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក លោក Kevin Hassett បានស្នើកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង អាចមានការសន្ទនាគ្នាអំពីបញ្ហាពាណិជ្ជកម្មឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ លោក Hassett បានឲ្យដឹងថា កាលបរិច្ឆេទជាក់លាក់ សម្រាប់ការសន្ទនារវាងមេដឹកនាំទាំងពីរ មិនត្រូវបានកំណត់នោះទេ។

លោក Hassett បានឲ្យដឹងនៅលើ ABC News ថា “លោកប្រធានាធិបតី ដូណាល់ ត្រាំ យើងរំពឹងថា នឹងមានការសន្ទនាដ៏អស្ចារ្យអំពីការចរចាពាណិជ្ជកម្មនៅសប្តាហ៍នេះជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលជាការរំពឹងទុករបស់យើង”។ លោកបានបន្តដោយនិយាយថា លោកមិនប្រាកដថា វាត្រូវបានកំណត់ពេលសម្រាប់កាលបរិច្ឆេទជាក់លាក់មួយនោះទេ “ប៉ុន្តែវាត្រូវបានគេពិភាក្សាថា មេដឹកនាំទាំងពីរនឹងជួបពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដែលយើងទាំងអស់គ្នាមានទំនោរទៅរកការពេញចិត្តទាំងអស់គ្នា” ។

លោកបានបន្ថែមថា “ការរំពឹងទុកគឺថា ភាគីទាំងពីរបានបង្ហាញពីឆន្ទៈក្នុងការពិភាក្សា” ។ Hassett បានលើកឡើងថា “ខ្ញុំចង់បន្ថែមថាយើងកំពុងពិភាក្សាគ្នាជារៀងរាល់ថ្ងៃ” ដោយកត់សម្គាល់ថា ក្រុមរបស់តំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer កំពុងជួបជាមួយសមភាគីចិន ។ គួរបញ្ជាក់ថា ការពិភាក្សារវាង លោក ត្រាំ និង លោក ស៊ី នឹងសម្គាល់ជំហានដ៏សំខាន់មួយក្នុងការចរចាររវាងប្រទេសទាំងពីរ សប្តាហ៍បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានជួបប្រជុំគ្នានៅប្រទេសស្វីស និងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេល ៩០ថ្ងៃ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top