ព័ត៌មានជាតិ

ទូតថៃប្រចាំកម្ពុជា​ ចង់បង្កើន​ជើងហោះហើរត្រង់បន្ថែម ពីតំបន់កោះ សំខាន់ៗរបស់ថៃ មកកម្ពុជា នៅពេលអាកាសយានដ្ឋាន អន្តរជាតិតេជោ បើកដំណើរការ

ភ្នំពេញ៖ លោក Tull TRAISORAT ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចង់ឱ្យមានការបង្កើន​ នៃជើងហោះហើរត្រង់បន្ថែមទៀត ពីតំបន់ផ្សេងៗ ដែលមិនទាន់មានការភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដូចជាតំបន់កោះសំខាន់ៗរបស់ប្រទេសថៃ មកកាន់កម្ពុជា ។

ការបង្ហាញនូវក្តីរំពឹង និងចង់ឱ្យមានការបង្កើនជើងហោះហើរត្រង់ខាងលើនេះ ត្រូវបានលើកឡើង ក្នុងឱកាសអញ្ជើញទស្សនកិច្ច លើវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ។ ដោយក្នុងនោះលោកឯកអគ្គរាជទូត បានបញ្ជាក់ថា នេះគឺជាលើកទី១ ដែលបានអញ្ជើញមកដល់​ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងអំឡុងពេលដែលកំពុងដំណើរការសាងសង និងកំពុងសម្រេចការសាងសង់​ បានប្រមាណជាង៩០ និងត្រៀមនឹងបើកដំណើរ ការនៅខែកញ្ញាខាងមុខ ។

ថ្លែងក្នុងឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានបង្ហាញនូវក្តីរំភើប និងចូលរួមត្រេកអរ ជាមួយនឹងអ្វីដែលកម្ពុជា កំពុងសម្រេចបាន ដែលជាសមទ្ធផលដ៏អស្ចារ្យ និងប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជា ។ ដោយឡែកលោក​ ក៏បានកត់សម្គាល់ផងដែរ អំពីរចនាបទអាកាសយានដ្ឋានអន្តរជាតិតេជោរបស់ខ្មែរ និងចាប់អារម្មណ៍ជាខ្លាំង​ ទៅលើរចនាសម្ព័ន្ធជារួម របស់អាកាសយានដ្ឋានថ្មីនេះតែម្តង ដែលលោកទូត បានជឿជាក់ថា នឹងបង្កលក្ខណៈកាន់តែងាយស្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ នៅពេលអាកាសយានដ្ឋានថ្មីនេះបើកដំណើរការ ។

ជាមួយគ្នានេះ លោក​ឯកអគ្គរាជទូត បានសម្តែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវសមទ្ធផល​ ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង ។

បន្ថែមលើនេះ លោកទូត ក៏បាន​បញ្ជាក់នូវគោលបំណងសំខាន់របស់លោក ក្នុងដំណើរទស្សនកិច្ចនាឱកាសនេះ គឺជាឱកាសមួយក្នុងការស្វែងរកការវិនិយោគ និងកិច្ចសហការគ្នាណាមួយ រវាងក្រុមហ៊ុនពីប្រទេសថៃ ជាមួយក្រុមហ៊ុនក្នុងស្រុកនៃប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រត្តិបត្តការណាមួយ ជាមួយអាកាសយានដ្ឋានអន្តរជាតិតេជោតែម្តង ពោលទៅលើអាជីវកម្មចំណីអាហារ និងភេសជ្ជៈជាដើម ។

លោក​ Tull TRAISORAT​ បានបញ្ជាក់ថា ក្នុងឆ្នាំនេះ គឺជាឆ្នាំទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសថៃនិងកម្ពុជា ដូច្នេះហើយលោកឯកអគ្គរាជទូត បានបង្ហាញនូវក្តីរំពឹង និងចង់ឱ្យមានការបង្កើន​ នៃជើងហោះហើរត្រង់បន្ថែមទៀត ពីតំបន់ផ្សេងៗ ដែលមិនទាន់មានការភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដូចជាតំបន់កោះសំខាន់ៗ របស់ប្រទេសថៃ មកកាន់កម្ពុជា ។ ដោយការបង្កើនជើងហោះហើរត្រង់​ រវាងប្រទេសទាំងពីរ នឹងអាចជាផ្នែកមួយ ក្នុងការជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម ជាពិសេសគឺវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ កាន់តែប្រសើរថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានសាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។​ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន និងត្រៀមបើកដំណើរការនៅចន្លោះខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះ៕

To Top