ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ការដោះស្រាយបញ្ហា ព្រំដែនកម្ពុជា-ថៃ មិនមែនជាការធ្វើបាតុកម្ម តែត្រូវធ្វើឡើងតាម ICJ

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានបញ្ជាក់ថា ការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃត្រូវដោះស្រាយតាមផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) មិនមែនជាការដោះស្រាយតាមរយៈការធ្វើបាតុកម្មនោះទេ ។

ការលើកឡើងរបស់មអ្នកនាំពាក្យនេះ បន្ទាប់ពីក្រុមប្រជាពលរដ្ឋថៃបានជួបប្រជុំម្តុំគ្នាតវ៉ានៅមុខស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបង្ហាញស្មារតីស្នេហាជាតិនិងការពារអធិបតេយ្យភាពជាតិថៃ ។

លោក ប៉ែន បូណា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី៦ មិថុនានេះថា ការធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរនៅប្រទេសថៃ គ្មានអ្នកណាហាមឃាត់នោះទេឲ្យតែការប្រមូលផ្តុំ និងបញ្ចេញមតិដោយស្របច្បាប់ កុំធ្វើអ្វីហួសហេតុខុសពីច្បាប់កំណត់ ។

លោកបន្តថា ចំពោះការសម្តែងមតិស្រឡាញ់ទឹកដី ស្រឡាញ់បូរណភាព អធិបតេយ្យជាតិជារឿងធម្មតាទេ ចំពោះទឹកចិត្តស្មោះស្ម័គ្រលើទឹកដីរបស់គេរៀងៗខ្លួន ប៉ុន្តែចំពោះបាតុកម្មនៅមុខស្ថានទូតខ្មែរនេះ មិនមែនជាយន្តការដោះស្រាយនោះទេ ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា “ប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ការដោះស្រាយបូរណភាពទឹកដី បញ្ហាព្រំដែននេះ វាអត់អាចដោះស្រាយបានដោយសារការធ្វើបាតុកម្មលើកបដាទេ គឺដោះស្រាយបានតែតាមរយៈផ្លូវច្បាប់ជាតិនិងអន្តរជាតិ ឧត្តមនវានុវត្តន៍អន្តរជាតិ និងយន្តការតុលាការអន្តរជាតិទើបអាចដោះស្រាយបាន”។

ប្រធានអង្គភាពថា ដូច្នេះហើយបានជាកម្ពុជាជ្រើសរើសយកយន្តការដោះស្រាយតាមរយៈការដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ ដោយបបួលភាគីថៃទៅជាមួយ ដើម្បីឲ្យតុលាការអន្តរជាតិមួយនេះសម្រេចកាត់សេចក្តី ព្រោះមានតែតាមរយៈការដោះស្រាយដោយតុលាការអន្តរជាតិនេះ មានភាពងាយស្រួលបំផុតដោយមិនចាំបាច់ធ្វើបាតុកម្ម និងការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធទេ ។

សូមបញ្ជាក់ថា ដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយដោយយុត្តិធម៌ មិនលំអៀង និងនិរន្តរភាព កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនវិវាទលើតំបន់រសើបចំនួនបួនគឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ បន្ទាប់ពីកងទ័ពប្រទេសទាំងពីរបានប៉ះទង្គិចគ្នាមួយប្រាវ កាលពីព្រឹកថ្ងៃ២៨ ឧសភា ៕

To Top