បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi កាលពីថ្ងៃសុក្របានសម្ពោធស្ពានផ្លូវរថភ្លើងចំនួន២ ដែលជាផ្នែកមួយនៃតំណភ្ជាប់ថ្មីមួយដែលតភ្ជាប់ទឹកដីសហភាព Jammu និង Kashmir ជាមួយតំបន់ដទៃទៀត។
វាជាលើកទីមួយហើយ ដែលមេដឹកនាំរូបនេះបានធ្វើដំណើរទៅកាន់តំបន់នេះ ចាប់តាំងពីការវាយប្រហារដ៏សាហាវ Pahalgam មកលើអ្នកទេសចរ ដែលបានបង្កឱ្យមានការប៉ះទង្គិចផ្នែកការទូត និងយោធារវាងទីក្រុង New Delhi និងទីក្រុង Islamabad ។
ក្នុងអំឡុងសុន្ទរកថារបស់លោកកាលពីថ្ងៃសុក្រ លោក Modi បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ Kashmir។ តំបន់នេះជាចំណុចជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
នាយករដ្ឋមន្ត្រីបានបើកសំភោធស្ពាន Chenab ដែលដាក់ស្លាកដោយអាជ្ញាធរឥណ្ឌាថាជាស្ពានផ្លូវដែកខ្ពស់បំផុតរបស់ពិភពលោក និងស្ពាន Anji ដែលជាស្ពានផ្លូវដែកដំបូងគេរបស់ឥណ្ឌា។
គួរឲ្យដឹងដែរថាគម្រោងទាំងពីរគឺជាផ្នែកនៃគម្រោង Udhampur-Srinagar-Baramulla Rail Line ដែលជាតំណភ្ជាប់ផ្លូវដែកប្រវែង ២៧២គីឡូម៉ែត្រដែលលោក Modi បានសាទរថាជា កម្លាំងថ្មីរបស់ Jammu និង Kashmir និងជា សក្ខីកម្មចំពោះសមត្ថភាពដែលកំពុងកើនឡើងរបស់ប្រទេសឥណ្ឌា៕
ប្រែសម្រួល៖ ស៊ុនលី
