ភ្នំពេញ៖ នាយប់ថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅផ្លូវថ្មើរជើងចតុមុខ (Walking Street) សប្ដាហ៍នេះនាទីតាំងរូបសំណាក់តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”ដែលជាគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយបានទាញចំណាប់អារម្មណ៍ របស់អ្នកដេីរកម្សាន្ត ចូលរួម និងទស្សនាលេងកម្សាន្ត ជាមួយការថតរូបភ្លាម បានភ្លាមដោយសេរី ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីអមដំណើរជាច្រើននាក់ ក៏មានវត្តមានក្នុងពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នាផ្លូវថ្មើរជើងចតុមុខ (Walking Street)នារាត្រីនោះដែរ។


សូមបញ្ជាក់ថា ផ្លូវថ្មើរជើងមួយនេះ កំពុងតែមានភាពពេញនិយម រហូតទទួលបានការគាំទ្រ ពីប្រជាជនខ្មែរ រួមទាំងជនជាតិបរទេស បានមកទស្សនានិងដើរលេងកំសាន្តយ៉ាងច្រើនកុះករ ពី១សប្តាហ៍ទៅមួយសប្តាហ៍។


បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងដែរថា៖ នៅសប្តាហ៍នេះ ពោលគឺនៅល្ងាចថ្ងៃទី៧ និងទី៨ ខែមិថុនា ទស្សនីភាពសិល្បៈខ្មែរចំនួន២ នឹងយកទៅសម្តែងលើផ្លូវថ្មើរជើងចតុមុខ (Walk Street) ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា នោះគឺ របាំប្រពៃណី គោះអង្រែ និងរបាំក្បាច់បុរាណ ក្បាច់បាតយក្ស។ជាមួយគ្នានេះដែរ មន្ទីរនូវបានសំណូមពរដល់ពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាឱ្យបានច្រើនកុះករផងដែរ។


តាមរយៈភាពជោគជ័យមួយនេះ ផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ ដោយដំណេីរការរៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕








