ប្រ៊ុចសែល៖ រដ្ឋមន្ត្រីការពារជាតិណាតូ បានជួបប្រជុំគ្នាយ៉ាងទូលំទូលាយនៅទីក្រុងប្រ៊ុចសែល ដោយបានយល់ព្រមបន្តការបង្កើនការចំណាយយោធារបស់ប្រទេសជាសមាជិកដល់ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ទោះជាយ៉ាងណាក៏ដោយ ការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើការកំណត់ពេលវេលា និងប្រភេទការចំណាយបានបង្ហាញពីការបែងចែកយ៉ាងស៊ីជម្រៅនៅមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនៅទីក្រុងឡាអេ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែមិថុនា។
លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា “មានការគាំទ្រយ៉ាងទូលំទូលាយ។ យើងពិតជាជិតស្និទ្ធ” ។ លោកបានសង្កត់ធ្ងន់ថា លោកមាន “ទំនុកចិត្តទាំងស្រុងថា យើងនឹងទៅដល់ទីនោះ” ដោយកិច្ចប្រជុំកំពូលណាតូ បន្ទាប់ក្នុងរយៈពេល ៣ សប្តាហ៍។
លោក Rutte បានស្នើផែនការសម្រុះសម្រួល៖ កំណត់គោលដៅ ៣.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបសម្រាប់ការចំណាយយោធាស្នូល និង ១.៥ ភាគរយបន្ថែមទៀតសម្រាប់ផ្នែកដែលទាក់ទងនឹងសន្តិសុខទូលំទូលាយដូចជាហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០៣២ ។
រដ្ឋជាសមាជិកកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក ដែលជាលើកដំបូងបានកំណត់គោលដៅ ៥ ភាគរយកាលពីចុងឆ្នាំមុន។ ទីក្រុងវ៉ាស៊ីនតោន បានជំរុញម្តងហើយម្តងទៀតនូវសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យបង្កើនថវិកា ការពារជាតិក្រោមការគំរាមកំហែងនៃការកាត់បន្ថយការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប៕
ប្រែសម្រួល ឈូក បូរ៉ា
