ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការបញ្ចៀសសង្គ្រាម ដ៏ធំមួយកុំឱ្យផ្ទុះឡើង ដោយភាគីទាំងពីរ សុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំសម្រេច បានសម្រាប់ប្រទេសជាតិ និងប្រជាជន។
តាមរយៈបណ្ដាញសង្គម នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើង ជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួន ហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។
លោក គូសបញ្ជាក់ថា « ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរ សុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបាន សម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះ ផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់ ។ មើលតែសព្វាវុធ ទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះ ដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះ សង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺន កាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោក កំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង»។
លោក បន្ដថា ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ ។ មានន័យថា សង្គ្រាមនេះក្រៅពីបង្កការខូចខាតដ៏ធំមហិមាសម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយ បញ្ហាបានដដែល ។ ដូច្នេះ ការបញ្ចៀសសង្គ្រាម ដែលមានតែលទ្ធផល «ចាញ់ចាញ់»បែបនេះគឺជាផល ចំណេញដ៏ធំមួយ។
លោក បន្ថែមថា ដំណោះស្រាយបញ្ហាព្រំដែន នៅតែមិនអាចចៀសរួច ពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិ ដដែល ។ ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ក៏នៅតែធ្វើដដែល។ ដីរបស់យើងនៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។ ចំណុចណាដែលអាចចរចាគ្នាបាន យើងនៅតែបន្តចរចាគ្នាតាមយន្តការ ដែលមានស្រាប់ដដែល ។ ថ្នាក់ដឹកនាំរបស់យើងបានបញ្ជាក់ច្បាស់ថា យើងចង់បានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ដែលជានយោបាយសន្តិភាពនិយម។
លើសពីនេះ អ្នកនាំពាក្យ បានឱ្យដឹងទៀតថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាននិងកំពុងដើរតួនាទី ជាគំរូនៃសន្តិភាព ក្នុងតំបន់និងក្នុង ពិភពលោក តាមរយៈនយោបាយ«ឈ្នះឈ្នះ» របស់សម្តេចតេជោ និងការបន្តរក្សាសុខសន្តិភាព បានយ៉ាងល្អរបស់សម្តេចធិបតី ។ ដូច្នេះ ការបញ្ចៀសសង្គ្រាមមួយដែលអាចចៀសវាងបាន គឺជាមហាជោគជ័យមួយ ទៀតសម្រាប់ប្រទេសជាតិ និងប្រជាជន៕
