ភ្នំពេញ ៖ កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិក រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២និង៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធសព កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ នាថ្ងៃ៩ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា មរណភាពរបស់ កិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រហូតដល់បច្ឆិមវ័យ រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

សម្តេចតេជោបន្តថា បណ្ឌិត ម៉ុម ជីមហ៊ុយ បានបន្សល់ទុក នូវស្នាដៃជាច្រើន នៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ដ៏ច្រើននីតិកាល នៃរដ្ឋសភា និងព្រឹទ្ធសភា ក្នុងវិស័យអប់រំ សិក្សាធិការ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា៕






