ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសបារាំង នៅម៉ោងប្រមាណជាង២រសៀលថ្ងៃទី៩ មិថុនានេះ ម៉ោងនៅកម្ពុជានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តរក្សាគោលជំហរ ក្នុងកិច្ចសហការជាមួយភាគីថៃ លើការងារវាស់វែង និងបោះបង្គោលព្រំដែន ព្រមទាំងប្រើយន្តការច្បាប់អន្តរជាតិ តាមរយៈប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់។
សារខ្លី របស់សម្តេចនាយករដ្ឋមន្រ្តីធ្វើចេញពីប្រទេស បារាំងនេះ ដើម្បីបញ្ជាក់បន្ថែម ទៅលើសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង ការពារជាតិកម្ពុជា ដែលបានចេញផ្សាយនាព្រឹកថ្ងៃ៩ មិថុនា អះអាងថា ពុំបានដកកងទ័ពចេញ ពីតំបន់ស្ថិតក្នុងដែនអធិបតេយ្យភាព របស់កម្ពុជាទេ។
សម្តេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបន្តរក្សាជំហរ សហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការ គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស MOU ឆ្នាំ ២០០០ និងច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។
សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនង រវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ ។
សម្តេចធិបតីក៏បានអំពាវនាវ បណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និង ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ ជាពិសេស ត្រូវជៀសវាងការបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឲ្យមានការយល់ច្រឡំ និងនាំឲ្យបំប៉ោង សភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ៕
