ព័ត៌មានជាតិ

ទស្សនៈនិងមតិ ៖ កូវីដ១៩ ចង្រៃធ្វើឲ្យទាហាន វៀតណាម ប្រល័យតំបន់ស៩ កន្លែងនៅព្រំដែន ស្រុកកោះធំ

ភ្នំពេញ ៖ កាលពីអំឡុងឆ្នាំ២០១៥ អាជ្ញាធរវៀតណាម មិនត្រឹមតែមិនលុប ស្រះទឹកចំនួន៩ ដែលពលរដ្ឋ ខ្លួនបានជីកនៅ តាមព្រំដែន ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនោះទេ ប៉ុន្តែថែមទាំងលួច ចូលដាំសណ្តែក ប្រមាណជិត ១ ហិកតា លើដីទំនាស់នោះថែមទៀតផង ។ ទាក់ទិនករណីនេះ ក្រសួងការបរទេសកម្ពុជា បានចេញកំណត់ទូតចំនួន ពីរដើម្បីតវ៉ា ទៅប្រទេសវៀតណាម ដែលបានចូលជីកស្រះ នៅតំបន់មិនទាន់បោះបង្គោល ព្រំដែនច្បាស់លាស់ ប៉ុន្តែភាគីវៀតណាម ហាក់ក្រអឺតក្រទម និងមិនចង់សហការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហានេះឡើយ ។

មជ្ឈដ្ឋាននានា បានលើកឡើងជាចម្ងល់ថា តើរហូតមកដល់ពេលនេះ តើវៀតណាមធ្លាប់បានឆ្លើយតប ចំពោះកំណត់ទូតរបស់កម្ពុជាដែរឬទេ ព្រោះបញ្ហានេះហាក់ នៅមានមន្ទិល មិនជ្រះស្រឡះនោះឡើយ ។

ជាពិសេសកាលពីពេលថ្មីៗ ទាហានវៀតណាម បានចូលមកបោះតង់ចំនួន៩ កន្លែងនៅតំបន់ស (តំបន់មិនទាន់ ដាច់ស្រលះព្រំដែន) ព្រំដែនដែន កម្ពុជា វៀតណាម នៅស្រុកកោះធំ ខេត្តកណ្ដាល ។
ករណី ដែលទាហានវៀតណាម មកបោះតង់៩កន្លែងនេះ មិនមែនជារឿងចៃដន្យនោះទេ សុទ្ធតែជាការរៀបចំទុកមុន ។ ម្យ៉ាងទៀត អាចជាការសងសឹក ដោយសារខឹងចិន រឿងសមុទ្រចិន ខាងត្បូង ដែលទង្វើនេះ ជាការរំលោភលើកិច្ចព្រមព្រៀង នៃគណៈកម្មាធិការ ចម្រុះកិច្ចការព្រំដែន រវាងប្រទេសទាំងពីរផងដែរ ។
ប្រជាពលរដ្ឋបង្ហាញ មន្ទិលថា តើករណីនេះគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា មានបានធ្វើកំណត់ទូត ដើម្បីតវ៉ាទៅកាន់ភាគី វៀតណាមដែរឬទេ? តើវៀតណាមបានរុះរើ តង់ទាំងនោះ ចេញពីតំបន់ស( តំបន់មិនទាន់ដាច់ស្រឡះព្រំដែន)អស់ហើយឬនៅ?

បើផ្អែក តាមទិដ្ឋភាពខាងលើ វៀតណាម បានឈ្លានពាន និងរំលោភចូលទឹកដីកម្ពុជា និងបង្កើតបញ្ហាជាបន្តបន្ទាប់តើ វៀតណាម គោរព អធិបតេយ្យភាព របស់កម្ពុជាឬអត់? តើគណៈកម្មាធិការ ចម្រុះកិច្ចការព្រំដែន កម្ពុជា មានដំណោះស្រាយ ដូចម្ដេចបើករណីវៀតណាម ជីកស្រះ៩កន្លែងនោះ វៀតណាមមិនទាន់មានកំណត់ទូត ឆ្លើយតបផងឥឡូវស្រាប់តែវៀតណាម ចូលមកបោះតង់ នៅតំបន់សថែមទៀត។

ពាក់ព័ន្ធករណីនេះ អ្នកវិភាគបាន លើកឡើងថា “ជាប្រពៃណី វៀតណាមចូលហើយ គីឥតចេញទេ ទុកដើម្បីតថ្លៃខាងនយោបាយ ក្រោយពីព្រឹត្តិការណ៏នេះ ហើយនិងមាន គណៈប្រតិភូមួយក្រុម អាច និងមកភ្នំពេញ លួងលោមសរសើរ ក្នុងបំណង អោយភ្លេចខ្លួន លើក្រោយវៀតណាម ធ្វើកន្លែងផ្សេងទៀត ។ ជាតថាភាព ខ្មែរបានភ្លេចស្រះ៩នៅរតនគិរី ។

ចំណែកអ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជាលោក កុយ គួង បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣០ ខែមេសានេះថា ក្រសួងការបរទេស មិនទាន់បានធ្វើកំណត់ទូតតវ៉ា ទៅភាគីវៀតណាមនោះទេ ចំពោះករណីវៀតណាម ចូលមកបោះតង់នៅតំបន់ស ដោយរង់ចាំរបាយការណ៍ពី គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនសិន។
លោក កុយ គួង បញ្ជាក់ថា”ពេលនេះក្រសួងកំពុងរង់ចាំរបាយការណ៍វាយតម្លៃរបស់គណៈកម្មាការព្រំដែនចម្រុះកម្ពុជា”។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំលោកស្នងការរង ,មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ ,លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ ចុះពិនិត្យតាមបន្ទាត់ព្រំដែន ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់ស មិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗពីភាគីខាងវៀតណាម ចូលក្នុងទឹកដីខ្មែរបានឡើយ ។ ការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ ឃើញថាមានតង់ ដែលទាហានវៀតណាម សាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅពេលដំណើរពិនិត្យនោះដែរ លោកស្នងការ ក៏បានឲ្យភាគីខាងវៀតណាម រុះរើតង់ចេញ ឲ្យឆ្ងាយពីបន្ទាត់សភ្លាមៗតែម្តងមជ្ឈដ្ឋានទូទៅបានក្រើនរំលឹកថា គេមិនដែលដេកភ្លេចយើងទេ ច្រើនតែទុកចិត្ត ថាគេមិនអីជាមួយយើង ៕

ដោយ៖ សយ សុភាព

To Top