ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនដែលខ្វះអាវុធនិងកងកម្លាំងក្នុងការវាយប្រហារគ្នានោះទេ ប៉ុន្តែកម្ពុជាមិនចង់វាយគ្នានោះទេ ។
ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធបញ្ហាកម្ពុជា-ថៃ នាថ្ងៃ១៦ មិថុនា សម្តេចតេជោបានលើកឡើងថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ សម្រាប់ទប់ទល់ទៅនឹង យថាហេតុទាំងអស់ ប៉ុន្តែកម្ពុជាមិនចង់ធ្វើសង្គ្រាម ជាមួយប្រទេសណាមួយទេ ។
សម្តេចប្រធានព្រឹទ្ធសភាបន្តថា “សូម្បីតែក្នុងប៉ុន្មានថ្ងៃកន្លងទៅ គេចង់វាយគ្នាជាជាងទៅរកសន្តិភាពតាមរយៈតុលាការដែលគេថាចង់បានដីហ្នឹង ចង់បានកន្លែងហ្នឹងគឺត្រូវវាយគ្នា ។ កម្ពុជាមិនមែនខ្វះអាវុធ ខ្វះកម្លាំងដើម្បីវាយគ្នាទេ តែកម្ពុជាមិនចង់វាយគ្នាទេ ។ កម្ពុជាបញ្ជាក់ពីឆន្ទះរបស់ខ្លួន ខ្លួនមានកម្លាំងទប់ទល់ជាមួយនឹងយថាហេតុទាំងអស់ ប៉ុន្តែខ្លួនមិនចង់វាយអ្នកណាទាំងអស់ត្រឹមតែម៉ាការពារទឹកដីខ្លួនទេ”។
សម្តេចតេជោបន្ថែមថា ចំពោះតំបន់ប្រាសាទតាមាន់ធំ , ប្រាសាទតាមាន់តូច , ប្រាសាទតាក្របី និងតំបន់មុំបីដែលកំពុងមានជម្លោះ ជាមួយថៃគឺមិនអាចស្រុះស្រួលគ្នាតាមរយៈកិច្ចប្រជុំទ្វេភាគីរវាងភាគីកម្ពុជា-ថៃនោះទេ ទោះបីជាច្រើនប្រើពេលវេលា១០០ឬ២០០ឆ្នាំទៀតក៏ដោយ ។ ដូច្នេះសម្តេចគូសបញ្ជាក់ថា យន្តការដែលងាយស្រួលបំផុត ជៀសវាងពីការបង្ហូរឈាមគ្នាមានតែជម្រើសតុលាការ យុត្តិធម៌អន្តរជាតិប៉ុណ្ណោះ ៕
